សម្ដេចតេជោ ហ៊ុន សែន អះអាងថា កូនប្រុសទាំង៣ គឺជាសេនាធិការផ្នែកយុទ្ធសាស្ដ្រដ៏សំខាន់ ក្នុងចំណោមបញ្ញវន្ដ១០នាក់ដែលនៅជាប់ខ្លួន


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអះអាងថា កូនប្រុសទាំង៣នាក់ គឺ ឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី គឺជាសេនាធិការផ្នែកយុទ្ធសាស្ដ្រដ៏សំខាន់របស់សម្ដេច ក្នុងចំណោមបញ្ញវន្ដសរុប១០នាក់ ដែលនៅជាប់សម្ដេចរៀងរាល់ថ្ងៃ។

សម្តេចនាយករដ្ឋមន្ដ្រីរបស់កម្ពុជា ដែលតែងតែមានភាពម្ចាស់ការ មុនសភាពការណ៍ដែលកើតមានឡើងលើគ្រប់បញ្ហាទាំងអស់នោះ បានអះអាងទៀតថា ក្នុងចំណោមបញ្ញវន្ដទាំង១០នាក់នោះ មានកូនប្រុសរបស់សម្ដេចទាំង៣ ដែលឧស្សាហ៍ហៅមកជំនុំដើម្បីផ្ដល់មតិយោបល់។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមានបញ្ញវន្ដនៅជុំវិញខ្លួនសរុប១០នាក់ ប៉ុន្ដែបញ្ញវន្ដដែលយកមកនៅជាប់ខ្លួន ឧស្សាហ៍មកជំនុំផ្ដល់នូវមតិ គឺកូនប្រុស៣នាក់។ គេមានព័ត៌មានផ្ដល់ឲ្យយើង យើងមានព័ត៌មានផ្ដល់ឲ្យគេ គេជួយវិភាគឲ្យយើង។ កិច្ចដ៏សំខាន់មួយ គឺសេនាធិការផ្នែកយុុទ្ធសាស្ដ្រឲ្យឪពុករបស់គេ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កូនប្រុសរបស់សម្ដេចទាំង៣នាក់នេះ មុនពេលមកជួបសម្ដេច គឺពួកគាត់បានពិគ្រោះគ្នាជាមុន ហើយបានឯកភាពគ្នា និងជ្រើសរើសយកចំណុចណាខ្លះដើម្បីជម្រាបជូនសម្ដេច។

គួរជម្រាបថា កូនប្រុសទាំង៣នាក់របស់សម្ដេច ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនច្បង មានតួនាទីជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក, ឯកឧត្តម ហ៊ុន ម៉ានិត មានតួនាទី អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងឯកឧត្តម ហ៊ុន ម៉ានី មានតួនាទីជា សមាជិករដ្ឋសភា និងជាតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ទើបត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ដ្រី បន្ទាប់ពីសម្ដេចផងដែរ ក្នុងចំណោមបេក្ខភាព៤នាក់ផ្សេងទៀត ដែលសម្ដេចបានមើលឃើញ។ បេក្ខភាពនាយករដ្ឋមន្ដ្រី របស់លោក ហ៊ុន ម៉ាណែត នេះ គឺត្រូវបានសម្ដេចអះអាងថា ត្រូវតែកើតចេញពីការបោះឆ្នោត ប៉ុន្ដែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេច ដែលជាឪពុក។

បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គេសង្កេតឃើញថា សារគាំទ្រជាច្រើនត្រូវបានបង្ហោះចេញព្រោងព្រាតទាំងតាមបណ្ដាញព័ត៌មាន និងនៅលើបណ្ដាញសង្គម Facebook ប្រៀបដូចកាំជ្រួចដើម្បីអបអរនូវការប្រកាសរបស់សម្ដេច៕