ឯកឧត្តម គួច ចំរើន នាំយកអំណោយទៅផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២០នាក់ ក្នុងស្រុកព្រៃនប់


នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ រួមទាំងសមាជិក សមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញ ចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅ កូន» ដើម្បីចូលរួមទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នក ផ្ទុកមេរោគអេដស៍ចំនួន ១២០នាក់ មកពី ៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជា អ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។

ឯកឧត្តម គួច ចំរើន សូមបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាព ផ្ទាល់ខ្លួន ព្រោះថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមទាំងសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យរបស់យើងបាននៅរង់ចាំគាំទ្របងប្អូនគ្រប់ពេលវេលា និងរាល់បញ្ហា ដែលកើតឡើងដើម្បីចាំផ្តល់ប្រឹក្សា។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ  សូមនាំកូនចៅរបស់យើងដែលមានអាយុចាប់ពី៥ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងឱ្យ បានគ្រប់ៗគ្នា ព្រមទាំងជួយបន្តផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀតឱ្យទៅ ទទួលការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍ និងអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ សុខាភិបាល ត្រូវលាង សម្អាតដៃជាមួយសាប៊ូ ជែក អាល់កុល ពាក់ម៉ាសជាប់ជា ប្រចាំនៅពេលចេញក្រៅផ្ទះ ពិសេសការរក្សាគម្លាតសុវត្ថិភាពជាចំណុចសំខាន់សម្រាប់យើង គ្រប់គ្នាចៀសផុតពីការឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរដល់អាជ្ញាធរភូមិ ឃុំតែងតែ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានជួយ សម្របសម្រួល ដោះស្រាយបានទាន់ពេលវេលា ទោះបីការ ងារដោះស្រាយបញ្ហា ប្រឈម នានាមានច្រើននៅក្នុងមូលដ្ឋានទៅតាមលទ្ធភាព ក្នុងនោះការងារសន្តិសុខ សុវត្ថិភាព និងការ អភិវឌ្ឍមូលដ្ឋាន ដែលបានបំពេញការងារយ៉ាងសកម្មបម្រើប្រជាពលរដ្ឋ។

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២០នាក់ មកពី ៥ឃុំ ក្នុងស្រុកព្រៃនប់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ម៉ាស ១ប្រអប់ ជែល ១ដប ឃីត១ (ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកា១០ម៉ឺនរៀល៕