នាយករដ្ឋមន្ត្រីកម្ពុជា សួរអ្នកវិភាគអន្តរជាតិថា «តើការបង្រួបបង្រួមអាស៊ានឡើងវិញ ខុសឆ្គងឬទេ»?


(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចោទសួរទៅកាន់ អ្នកវិភាគអន្តរជាតិនានាថា តើការធ្វើឲ្យអាស៊ានពីសមាជិក ៩ប្រទេស ទៅ១០ប្រទេសវិញ ជារឿងខុសឆ្គងដែរឬទេ?

សំណួររបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងស្របពេលដែលសម្តេច មានឆន្ទៈដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងពង្រឹងអាស៊ាន ឲ្យមាន ១០ប្រទេសឡើងវិញ ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ។

ថ្លែងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណួរថា៖ «តើការសង្គ្រោះពីអាស៊ានបែកបាក់ ដែលពី៩ ទៅ១០វិញ តើខ្ញុំខុសឬអត់? អញ្ចឹងអ្នកវិភាគអន្តរជាតិ ដែលសរសេរអត្ថបទធំៗលើពិភពលោក នាំគ្នាវិភាគទៅ។ តើអាស៊ាន ត្រូវទុកឲ្យមាន ៩ ខុសនឹងធម្មនុញ្ញអាស៊ាន ឬត្រូវឲ្យមាន១០»?

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

មុនពេលកិច្ចប្រជុំកំពូលអាស៊ានចិន ក៏រដ្ឋាភិបាលចិន មានឆន្ទៈអញ្ជើញ លោក មីង អោងឡាំង អាចចូលរួមនៅក្នុងកិច្ចប្រជុំនេះបាន ក៏ប៉ុន្តែបំណងនេះត្រូវបានជំទាស់ ដោយសមាជិកអាស៊ានមួយចំនួន។ សមាជិកអាស៊ាន ដែលជំទាស់នឹងបំណងចិននោះ រួមមាន ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, សិង្ហបុរី, និងប្រ៊ុយណេ ដែលជាសកម្មភាពទុកមីយ៉ាន់ម៉ាចោល។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, អាស៊ាន ដែលមានសមាជិក ៩ប្រទេស មិនមែនជាកុងសង់ស៉ីសទេ។ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហើបថាមានតម្រុយល្អ ក្នុងសម្របសម្រួល។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីថា មីយ៉ាន់ម៉ា មិនដែលប្រកាសផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ឯក្នុងរដ្ឋធម្មនុញ្ញអាស៊ាន ក៏អត់មាននរណាមានសិទ្ធិដេញសមាជិកចេញដែរ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយចំពោះអ្នកវិភាគមួយចំនួនទៀត ដែលលើកឡើងថា សម្តេចចង់ទទួលស្គាល់របបដឹកនាំរបស់ លោក មីង អោងឡាំង ដោយសម្តេចបញ្ជាក់ថា «លោក មីង អោងឡាំង កំពុងគ្រប់ប្រទេស បើមិនឲ្យធ្វើការជាមួយគាត់ ឲ្យធ្វើជាមួយនរណា»?

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ លិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា របស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ត្រូវបានលោក វុន ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ជូនសម្តេចតេជោក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕