(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវ និងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋានត្រូវបន្តរួមគ្នា លុបបំបាត់ការរំលោភបំពាន និងអំពើហឹង្សាទៅលើមនុស្សចាស់ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាអសន្តិសុខផ្សេងៗ នៅតាមមូលដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវ និងផ្តាំផ្ញើបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋវ័យចាស់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានអ្នកចូលរួម៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តឲ្យផ្តល់ឱកាសចូលរួមពីមនុស្សនៅក្នុងជីវភាពសាធារណៈ ការសម្រេចចិត្ត ការបញ្ចេញមតិ និងចិត្តទុកដាក់ចំពោះមនុស្សចាស់ក្នុងស្ថានភាពមានអាសន្ន។ បន្តសហការជាមួយសមាជិកគ្រួសារមនុស្សចាស់ពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសូមបន្តការពារខ្លួនសម្របការរស់នៅប្រកបការងារតាមបែបគន្លងថ្មី ដោយបន្តចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ ប្រឆាំងកូវីដ-១៩ និងរួមគ្នាលុបបំបាត់ការរំលោភបំពាន និងអំពើហិង្សាទៅលើមនុសចាស់ ទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋរួមគ្នាបង្ការទប់ស្កាត់ការទន្រ្ទាន ឈូសឆាយ ដីព្រៃលិចទឹក ការពារធនធានធម្មជាតិ ឲ្យគង់វង្ស និងដាំកូនឈើឡើងវិញ និងហាមដាច់ខាតការប៉ះពាលដីព្រៃលិចទឹក។ មន្រ្តីមានសមត្ថកិច្ចទាំងអស់ ត្រូវរួមបន្តចុះដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានរួចរាល់ និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅស្រុកមង្គលបូរី ដោយប្រជាពលចូលរួម ក្នុងម្នាក់ៗទទួលបានអាវរងា១ ភួយ១ ក្រម៉ា១ ប្រេងកូឡា១ តែ១កព្ចាប់ ស្កសរ១គីឡូក្រាម អំបិល ១កព្ចាប់ទឹកដោះគោ ១កប៉ុង ថវិកា២ម៉ឺនរៀល។
នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងារ បានចុះពិនិត្យសមិទ្ធិផលរីកចម្រើននានា នៃវិទ្យាល័យ ហ៊ុន សែន មង្គលបូរី និងបានផ្តល់អំណោយជាថវិកា ដល់លោកគ្រូ អ្នកគ្រូ១០១នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងផ្តល់ឧបករណ៍សម្រាប់លាងដៃ និងជួយលាបពណ៌អាគារសិក្សាឡើងវិញ៕