ពលរដ្ឋខ្មែរឥស្លាមនៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង ទទួលបានអំណោយពីសប្បុរសជន តាមរយៈសម្ព័ន្ធយុវជនមុស្លិមកម្ពុជា


នៅថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ម៉ន គ្រីយ៉ា តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ ប្រគល់ថវិកាជំនួយ ប្រគល់ផ្លូវលំក្នុងភូមិ និងផ្តល់ថវិកាសម្រាប់ចិញ្ចឹមសត្វជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងទឹក ភូមិសុវណ្ណាបៃតង ភូមិទួលគរគីលើ ភូមិ៤ និងភូមិចាំយាម ក្នុងទឹកដីខេត្តកោះកុង ដែលរៀបចំដោយសម្ព័ន្ទយុវជនមុស្លិមកម្ពុជា ស.យ.ម.ក ខេត្តកោះកុង។

ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលទទួលបាននូវជំនួយទាំងនេះ រស់នៅមូលដ្ឋានស្រុកបុទុមសាគរ, ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។

ក្នុងនោះក៏មានការចូលរួមពីលោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ, លោក លឹមឌី ចៅសង្កាត់ដងទង់, លោក ហាក់ ទ្បេង អភិបាលស្រុកបូទមសាគរ, លោក ប្រាក់ វិចត្រ អភិបាលស្រុកមណ្ឌលសីម៉ា និងក្រុមការងារ លោក រំ ម៉ាលី តំណាងគណៈអុីមុាំខេត្តកោះកុង, លោក ម៉ាត់ រ៉ហ្សាលី តំណាងគណៈចលនាសាសនិកឥស្លាម ខេត្តកោះកុង, លោក សុះ ម៉ាត់លី ប្រធាន សយមក, លោក ម៉ាត់ សុឹម អនុប្រធាន សយមក ខេត្តកោះកុង និងលោកបណ្ឌិត អូស្មាន ហ្សាស់រី ដែលជាប្រធានអង្គកាមូលនិធិអាស៊ានដើម្បីការអប់រំ និងការអភិវឌ្ឍន៍។

ថ្លែងក្នុងឱកាសនោះ លោក ម៉ន គ្រី បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជូនចំពោះរបងប្អូនប្រជាពរដ្ឋ ដោយក្តីនឹករលឹកនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

បន្ថែមពីនោះ លោកក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ ក្នុងការរស់នៅតាមបែបគន្លងថ្មី និងបានណែនាំបងប្អូនយើងទាំងអស់ឲ្យខិតខំថែសុខភាព និងអនុវត្តតាមគោលការណ៍សុខាភិបាលបីកុំ និងបីការពារ ក្នុងនោះសម្រាប់ប្រជាពលរដ្ឋដែលទទួលបានផ្ទះទាំង៦ខ្នង ត្រូវថែររក្សាឲ្យបានល្អសម្រាប់ការប្រើប្រាស់បានរយៈពេលយូរអង្វែងទៅមុខ។

គួរជម្រាបផងដែរថា កម្មវិធីបានប្រគល់ផ្ទះចំនួន៦ខ្នង និងផ្ដល់ប្រាក់ឥណទានសម្រាប់ចិញ្ចឹមសត្វទទួលបានមកពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងការអភិវឌ្ឍន៍ ចំណែកឯផ្លូវលំក្នុងភូមិមួយខ្សែប្រវែង៤គីឡូមែត្រ ផ្តល់ដោយសប្បុរសជន លោក ទ្បេត សុធន់ ជូនជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលគរគីលើ សរុបជាទឹកប្រាក់សម្រាប់កម្មវិធីទាំងអស់ខាងលើរួមមានចំនួន ៣,១៨៥០ដុល្លា៕