សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនខ្មែរ-ឥស្លាម នៅសង្កាត់ច្រាំងចំរេះ


នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារស្រាយបួស របស់ប្រពៃណី របស់ខ្មែរ-ឥស្លាម នៅវិហារឥស្លាមធំ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានការចូលរួមពីបងប្អូនខ្មែរ-ឥស្លាម ប្រមាណជាង១,០០០នាក់។
នៅមុនពេលពិសារអាហារ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនខ្មែរ-ឥស្លាម និងបានពិនិត្យសមិទ្ឋផលក្នុងព្រះវិហារផងដែរ។ ក្រោយពីបានពិនិត្យឃើញនូវកង្វះខាត និង សេចក្តីត្រូវការចាំបាច់នូវអគារសិក្សាសម្រាប់ក្មួយៗ និងចៅៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសប្បុរសជនបានសម្រេចផ្តល់នូវអគារសិក្សាថ្មី ចំនួន១ខ្នង មានកម្ពស់៤ជាន់ ស្នើនឹង២៤បន្ទប់ ដើម្បីក្មួយៗ និងចៅៗសិស្សានុសិស្ស ក៏និងកូនក្មួយសាសនិកខ្មែរ-ឥស្លាម ជំនាន់នេះ និងជំនាន់ក្រោយៗទៀតមានអគារសិក្សា។
បន្ថែមពីលើនោះ សម្តេចតេជោ និងសប្បុរសជនបានផ្តល់អគារសម្រាប់គណៈចាងហ្វាង សាសនិក ឥស្លាមក្នុងទីតាំងវិហារឥស្លាមធំ គីឡូម៉ែត្រលេខ៩នេះផងដែរ ដោយមានកម្ពស់៤ជាន់ ថែមទាំង មានដាក់ជណ្តើរយន្តទៀតផង ហើយក្នុងអគារនេះ មានសាលប្រជុំ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់។ សម្តេចក៏បាន ស្នើសុំឲ្យមានការប្រមូលបញ្ញាវន្ត និងនិស្សិតខ្មែរ-ឥស្លាម នាំគ្នាគូរប្លង់អគារនេះ ដើម្បីបង្ហាញ និងទុកជាសាក្សីថា នេះជាស្នាដៃនិស្សិតខ្មែរ-ឥស្លាម ដែលបានទទួលការសិក្សា ស្ថិតនៅក្រោមដំបូលសន្តិភាព នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ដោយមើលឃើញពីសេចក្តីត្រូវការរបស់កូនក្មួយនៅតាខ្មៅ នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន ក៏បានផ្តល់សាលារៀន១ខ្នងទៀត ដែលមានកំពស់៤ជាន់ ១៦បន្ទប់ ស្ថិតភូមិព្រែក តាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សំរាប់កូនក្មួយនិងចៅៗនៅទីនោះ។
នៅក្នុងឱកាសដ៏វិសេសវិសាលល្ងាចនេះ សម្តេចតេជោ ហ៊ុន សែ បានផ្តល់ថវិការចំនួន៥០លាន រៀលសំរាប់ពិធីអាហារស្រាយបួស និងសម្រាប់ចាត់ចែងប្រើប្រាស់ក្នុងព្រះវិហារនេះផងដែរ។ ក្រៅពី ការទទួលទានអាហារ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនខ្មែរ កូន ក្មួយ សាសនិកខ្មែរឥស្លាមប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត