បូកសរុបព្រឹត្តិការណ៍ប្រចាំឆ្នាំ! ព្រឹត្តិការណ៍សំខាន់មួយចំនួន រវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០២១


ឆ្នាំ២០២១ នឹងជិតកន្លងផុតទៅហើយ។ យើងបានរៀបចំព្រឹត្តិការណ៍សំខាន់ទាំង១០ នៃការផ្លាស់ប្តូរមិត្តភាពរវាងចិន និងកម្ពុជានៅឆ្នាំ២០២១ ដើម្បីរំលឹកឡើងវិញអំពីមិត្តភាពយូរអង្វែងរវាងចិន និងកម្ពុជា។

នាព្រឹកថ្ងៃទី១៤ ខែមករា ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅបំពេញទស្សនកិច្ចនៅស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមពិធីកាត់ខ្សែបូ «សួនមិត្តភាពកម្ពុជា-ចិន»។ នៅក្នុងសួននេះ ដើមស្វាយពីរដើមដែលត្រូវប្រសិទ្ធនាមថាដើមឈើមិត្តភាពចិន-កម្ពុជា បែកមេកត្រ សុំត្រសាយ។

រសៀលថ្ងៃទី៧ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីយ៉ាងឱឡារិនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន។ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួម។

នាព្រឹកថ្ងៃទី៧ ខែឧសភា ពិធីនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានប្រារព្ធធ្វើតាមរបៀបអនឡាញនិងនៅនឹងកន្លែង។ កិច្ចសហប្រតិបត្តិការនេះ បានបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិន ម្យ៉ាងវិញទៀតក៏បានជួយបង្កើនប្រាក់ចំណូលកសិករកម្ពុជា ដើម្បីចេញផុតពីវិបត្តិជំងឺកូវីដ១៩។ ថ្ងៃទី១១ ខែមិថុនា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន បានតាងនាមរាជរដ្ឋាភិបាលកម្ពុជា ផ្តល់មេដាយ «សហមេត្រី» ជូនដល់អ្នកជំនាញ វេជ្ជសាស្ត្រចិនចំនួន៧រូប មកពីខេត្តក្វាងស៊ី ដែលបានរួមចំណែកដ៏ឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ថ្ងៃទី២៨ ខែមិថុនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោហ៊ុន សែនបានផ្ញើសារលិខិតជូនចំពោះ លោក Xi Jinping ដើម្បីសម្តែងការអបអរសាទរខួប១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។

ថ្ងៃទី១២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនដែល កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានចូលរួមពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិន ជូនដល់កម្ពុជា ពិធីនេះបានផ្សាយផ្ទាល់តាមស្ថានីយទូរទស្សន៍នៃទូទាំងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោក Wang Yi បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រជាជនកម្ពុជា សម្តេចហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀតថា បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា?

ថ្ងៃទី១៧ ខែវិច្ឆិកា វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី៧ ដែលជាជំនួយរបស់ចិនផ្តល់ជូនកម្ពុជាបានដឹកមកដល់ទីក្រុងភ្នំពេញ ប្រទេសចិនបានផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនកម្ពុជាជិត ៣,៩០០ម៉ឺនដូស ដែលច្រើនជាង៩០ភាគរយនៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ បច្ចុប្បន្ន គ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជាកំពុងបើកដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

ថ្ងៃទី២២ ខែវិច្ឆិកា វេបសាយរបស់ក្រសួងពាណិជ្ជកម្មចិន បានចេញផ្សាយដំណឹងឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា» នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ កិច្ចព្រមព្រៀងនេះគឺជា និមិត្តសញ្ញាថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ។ ថ្ងៃទី៦ ខែធ្នូ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១។

ឆ្នាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងមានសុពលភាពជាផ្លូវការ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កំពុងពន្លឿនទៅមុខ មិត្តភាពចិន-កម្ពុជាកំពុងរីកចម្រើនឥតឈប់ឈរ៕