អ្នកជំនាញអន្តរជាតិ ចាត់ទុកការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាន គឺជាសញ្ញាដ៏ល្អ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា


ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើក ការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង ជាប្រធាន គណៈកម្មាធិការរៀបចំការប្រកួត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រតិភូ គ្រូបង្វឹក និង កីឡាករ-កីឡាការិនីទាំង ៣ប្រទេសផងដែរ។

លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈកម្មការប្រកួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតនេះឡើង ដែលលោកចាត់ទុកជាសញ្ញាដ៏ល្អ សម្រាប់ការអភិវឌ្ឍន៍វិស័យកីឡាទូកក្ដោង កម្ពុជា ឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។

អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗរូបនេះ អះអាងថា ដំបូងឡើយមានអត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែដោយសារបញ្ហា ឥតព្រាងទុកនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅនាទីចុងក្រោយ បានធ្វើឱ្យពួកគេខកខានទៅវិញ ហើយលុបចោលជើងហោះហើរ មកកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមការប្រកួតផ្ទាល់នៅខេត្តព្រះសីហនុ ពិសេសឯកឧត្តម បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបាន គាំទ្រ និងអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។

ចំណែកឯកឧត្តម គួច ចំរើន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានជ្រើសរើស ខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពិសេសការកំណត់ទីតាំងនេះ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាមរយៈនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានប្ដេជ្ញាគាំទ្រ លើកទឹកចិត្ត និងសហការគ្រប់បែបយ៉ាង ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសការ ទទួលបដិសណ្ឋារកិច្ច ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះ ដំណើរការប្រកួតដោយរលូន និងទទួលបានជោគជ័យដ៏ល្អប្រសើរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹងកីឡាករ-កីឡាការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅតំបន់ឆ្នេរសុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ការប្រកួតនេះ សហការរៀបចំដោយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC៕