ជនចាស់ជរាចំនួន ៣២០នាក់ នៅក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត


នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និង មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែក អាវរងា ភួយ និង ស្បៀងអាហារមួយចំនួនដល់ប្រជាពលរដ្ឋចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន ៣២០នាក់ មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការចែកអំណោយនេះធ្វើឡើង ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងពេលមានធាតុអាកាសត្រជាក់ចូលមកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់។

ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់ បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ ដែលបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន ភួយ១ អាវរងា១ មី១កេស ត្រីខកំប៉ុង១យួរ ជែលលាងដៃ១ដប សាប៊ូ១ដុំ ម៉ាស១០បន្ទះ និងថវិកា៥ម៉ឺនរៀល ៕