អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះសំណេះសំណាល ប្រគល់អណ្តូងទឹកចំនួន៦៦៧អណ្តូង ជូនពលរដ្ឋទុកប្រើប្រាស់ក្នុងស្រុកត្បូងឃ្មុំ


នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្ដម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំនិងជាអ៊ីម៉ាំខេត្ត ជាអនុប្រធាន (ស.ស.យ.ក) ខេត្ត និង លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ណ្តូងទឹកស្អាតជាប្រភេទអណ្តូងទឹកប្លង់ស័រ ចំនួន ៦៦៧ អណ្តូង ស្ថិតក្នងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិក សសយក លោកអភិបាលស្រុក ត្បូងឃ្មុំ លោក-លោកស្រី សមាជិក សមាជិកា សសយក អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ និងបានបន្តជួបសំណេះសំណាលជាមួយនឹងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំរកាពប្រាំ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជិត ១០០នាក់ ផងដែរ ។

មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានលើកឡើងថាជានិច្ចជាកាលក្រោម ការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាកំពូលៗក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំផ្ទាល់ តែងយកចិត្តទុកដាក់គិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការសាសនាអ្វីឡើយ ធ្វើអោយប្រទេសកម្ពុជាយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ និងការអភិវឌ្ឍប្រទេស គឺមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ក្នុងនោះក៏មានការចូលរួមពីសហគមន៍ ពីសមាគមជាតិ និងអន្តរជាតិជាច្រើនផងដែរ ។

ជាក់ស្តែងអណ្តូងទឹកប្លង់ស័រ ចំនួន ៦៦៧ អណ្តូង ដែលបងប្អូនប្រជាពលរដ្ឋទទួលបាននេះ គឺជាអំណោយរបស់ ទទួលបានមកពីសប្បុរសជន រស់នៅប្រទេស ម៉ាឡេស៊ី សឹង្ហបូរី និងប្រទេសប៊្រុយនេ តាមរយៈ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត ជាប្រធានសមាគម រ៉ាហ្វាត អាន់នូរ សម្រាប់វិស័យអប់រំនៅកម្ពុជា និងជាសមាជិក សសយក ខេត្តត្បូងឃ្មុំ គិតជាថវិកាចំនួន ២០០,១០០$ ហើយក្នុងឆ្នាំ២០២១នេះ អណ្តូងទឹកស្អាតប្រភេទប្លង់ស័រដែលឯកឧត្តមបានប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ១,៣៤៨ អណ្តូង ប្រើប្រាស់ថវិកាចំនួន ៤០០,៤០០$ ។

ថ្លែងនាឱកាសនោះដែរ លោក ម៉ៅ ឌុង ក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលពីការប្រើប្រាស់ទឹកអណ្តូងទឹកប្រភេទប្លង់ស័រទាំងនេះ សូមជួយថែរក្សាការពារ ជាផលប្រយោជន៍រួម និងឲ្យការប្រើប្រាស់បានយូរអង្វែងតទៅ ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ ។

តមកប្រតិភូ រួមមាន ឯកឧត្ដម-លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក-សមាជិកា ស.ស.យ.ក ខេត្ត និងប្រធាន- អនុប្រធាន ស្រុកត្បូងឃ្មុំ ក៏បានបន្តដំណើរ មកជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ជិត ១០០ នាក់ នៅភូមិ រកាពរប្រាំ ១ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ដោយលោក ម៉ៅ ឌុង បានប្រសាសន៏សូមអោយ សមាជិក-សមាជិកា ស..ស.យ.ក បន្តធ្វើសកម្មភាព នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផល នៃការចូលរួមរបស់ខ្លួន ក្នុងកិច្ចការជួយសង្គមនានា ជាពិសេសយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា, ការសម្របសម្រួលចាក់វ៉ាក់សាំង និងការផ្តល់ជំនួយសង្គមបន្ទាន់ជូនជនងាយរងគ្រោះ ជនក្រីក្រជួបការលំបាក ជាក់ស្តែងការអនុវត្តបានយ៉ាងល្អ នាពេលកន្លងមក របស់សហភាពសហព័ន្ធយុវជនកម្ពុជាក្របខណ្ឌខេត្តត្បូងឃ្មុំ ។

មានសំណេះសំណាលនាឱកាសនោះ លោកម៉ៅឌុងបាន មានប្រសាសន៏ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមរាជរដ្ឋាភិបាលកម្ពុជា តាមរូបភាពផ្សេងៗដូចជា៖ការផ្សព្វផ្សាយ អប់រំ ពីវិធានការការពារការឆ្លងរាលដាល ការចែកម៉ាស អាល់កុល និងស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាក, ការសម្របសម្រួលអ្នកដែលត្រូវធ្វើចត្តាឡីស័ក, ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំង តាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក៏ដូចជាការចូលរួមជួយសម្របសម្រួលការចាក់វ៉ាក់សាំង នៅតាមមូលដ្ឋានជាច្រើនទីតាំងផងដែរ។

លោក ម៉ៅ ឌុង បានបន្ថែមថា ឈរលើស្មារតីចូលរួមចំណែកតាមលទ្ធភាព ដែលអាចធ្វើបាន បងប្អូនទាំងអស់បានខិតខំព្យាយាមធ្វើសកម្មភាពយ៉ាងច្រើន ទោះក្នុងស្ថានភាពលំបាក និងប្រកបដោយហានិភ័យក៏ដោយ បើទោះបីថា ការចូលរួមរបស់ស.ស.យ.ក នៅមានទំហំតូចបើធៀបនឹងការលះបង់របស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ប្រភេទ ជាពិសេស គឺលោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខ សកម្មភាពរបស់សមាជិក សមាជិកាគឺជាការបំពេញករណីកិច្ចជាពលរដ្ឋល្អ និងប្រកបដោយភាពទទួលខុសត្រូវ ក្នុងនាមជាធនធានដ៏មានប្រយោជន៍មួយរបស់សង្គម និងសូមបន្តបំពេញបេសកកម្មដ៏ថ្លៃថ្លានេះបន្ថែមទៀត ។ សូមជម្រាបថា អំណោយ ដែលប្រតិភូ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តត្បូងឃ្មុំ របស់ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ នាំមកប្រគល់ជូនរួមមាន៖ អង្ករចំនួន ១,០០០គីឡូក្រាមនិងថវិកាចំនួន ១,០០០,០០០រៀលជូនក្រុមយុវជនសម្រាប់បន្តសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានផ្ទាល់ ៕