ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ តម្លៃ ១៨០លានដុល្លារ


(ភ្នំពេញ)៖ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ការដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិកនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចតាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់សហរដ្ឋអាមេរិកមកក្នុងប្រទេសកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

អ្នកឧកញ៉ា បានឱ្យដឹងថា ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សណ្ឋាគារនាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលនាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បងនៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុបចំនួន ១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

សណ្ឋាគារក៏ផ្ដល់ជូនសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤កន្លែងផ្សេងៗគ្នា៖

* ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Coffee) ជាកន្លែងស័ក្តិសមបំផុតសម្រាប់ការពិសាអាហារពេញមួយថ្ងៃ ឬក៏សម្រាប់ភ្ញៀវមកទទួល ទានអាហារសម្រ៉ន់និងតែពេលរសៀល
* ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (Five Five) ស្ថិតនៅជាន់ទី១៤
* ដឺអាតទីក ជារង្គសាលដែលមានរចនាបទបែបសម័យបុរាណ ស័ក្តិសមបំផុតសម្រាប់ការបន្ធូរអារម្មណ៍តានតឹង
* និងរង្គសាលក្រោមដី មេត្រូប៉ូល ជារង្គសាលដ៏ប្រណិតក្រោមដីដំបូងគេនៅទីក្រុងភ្នំពេញ សម្រាប់ស្វាគមន៍និងបម្រើតម្រូវការភោជនីយាហារនិងការកម្សាន្តដ៏សម្បូរបែបសម្រាប់អតិថិជនជាតិ និងអន្តរជាតិគ្រប់កាលវេលា។

បើតាម អ្នកឧកញ៉ា លាង ឃុន បានឱ្យដឹងថា «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក៏បានចំណាយទឹកប្រាក់ប្រហែល៥លានដុល្លារអាមេរិក ដើម្បីអភិរក្សអគារបុរាណសម័យអាណានិគមបារាំងដែលបច្ចុប្បន្នក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណិតចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ។

រាជធានីភ្នំពេញ គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាអ្នកដឹកនាំដទៃទៀតមកពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យចម្រើនលូតលាស់ជាបន្តបន្ទាប់។

ក្រោមកិច្ចប្រឹងប្រែងលើការកសាងរបស់រាជរដ្ឋាភិបាលក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ បានធ្វើឱ្យរាជធានីភ្នំពេញ ប្រែក្លាយពីទីក្រុងដ៏ស្ងប់ស្ងាត់ ឬទីក្រុងខ្មោចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្រោយរំដោះនោះ ប្រែមុខមាត់ថ្មីកាន់តែស្រស់បំព្រង។ រាជធានីភ្នំពេញ បានក្លាយទៅជាបេះដូងនៃប្រជាជាតិកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជ វប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញ។

វត្តមានសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងរចនាបថសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីសន្លាង សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងក្លាយទៅជាទិសដៅទេសចរណ៍ និងកន្លែងស្នាក់នៅរបស់ភ្ញៀវធុរកិច្ចជាតិ និងអន្តរជាតិដ៏ពេញនិយមដែលលេចធ្លោនៅចំកណ្តាលរាជធានីភ្នំពេញ។

មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនៃសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្ម ដ៏សម្បូរបែបមួយនេះផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ក៏បានកែប្រែសោភ័ណភាពរបស់សហគមន៍ជុំវិញសណ្ឋាគារនេះ តាមរយៈការពង្រីកផ្លូវលេខ១៧៨ ខាងមុខសណ្ឋាគារដោយភ្ជាប់ពីមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ដោយចំណាយទឹកប្រាក់រហូតដល់ជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ក៏បានចូលរួមចំណែកការងារអភិរក្សអគារសិក្សារដែលមានអាយុចំណាស់មួយសតវត្ស ក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។

អ្នកឧកញ៉ា លាង ឃុន បានបង្ហាញការជឿជាក់ថា សណា្ឋគារមួយនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ការរស់នៅបែបទាន់សម័យស៊ីវិល័យដូចអារ្យប្រទេសផ្សេងៗស័ក្តិសមទៅនឹងការវិវឌ្ឍ និងការប្រសើរឡើងជាងមុននៃជីវភាពរបស់ប្រជាពលនៅក្នុងប្រទេសកម្ពុជា ដែលនេះឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋគ្រប់រូបពេលប្រទេសមានសន្តិភាពពេញលេញ។

សូមជម្រាបថា នៅរាជធានីភ្នំពេញមានសណ្ឋាគារសរុបចំនួន ៤៩ទីតាំង ស្មើនឹង ៧,៥០១បន្ទប់ និងបុគ្គលិកបម្រើការសរុប ៨៦១៣នាក់ ក្នុងនោះស្រីសរុប ២,៩៥៩នាក់ រួមមាន៖

* ចំណាត់ថ្នាក់ផ្កាយ៥ មានសរុប ០៨ទីតាំង ស្មើនឹង ៣,៤៥១បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ៦,២២២នាក់ ក្នុងនោះស្រីសរុប ១,៩១៨នាក់
* ចំណាត់ថ្នាក់ផ្កាយ៤ មានសរុប ១០ទីតាំង ស្មើនឹង ១,៧១៧បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១,១៥៦នាក់ ក្នុងនោះស្រីសរុប ៤១១នាក់
* ចំណាត់ថ្នាក់ផ្កាយ៣ មានសរុប ១៥ទីតាំង ស្មើនឹង ១,៤៤៦បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ៩១២នាក់ ក្នុងនោះស្រីសរុប ៤៦៥នាក់
* ចំណាត់ថ្នាក់ផ្កាយ២ មានសរុប ០៨ទីតាំង ស្មើនឹង ៤៧៧បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១៧៥នាក់ ក្នុងនោះស្រីសរុប ៧៩នាក់
* ចំណាត់ថ្នាក់ផ្កាយ១ មានសរុប ០៨ទីតាំង ស្មើនឹង ៤១០បន្ទប់ និងមានបុគ្គលិកបម្រើការសរុប ១៤៨នាក់ ក្នុងនោះស្រីសរុប ៨៦នាក់៕