រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹងសាង​សង់ស្ពាន​អាកាស ថ្មី​មួយទៀត នៅ​ច្រមុះជ្រូក​ក្បាលថ្នល់


រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់ ស្ពាន​អាកាស ថ្មី​មួយទៀត នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ដើម្បី​សម្រួល​ចរាចរណ៍ នៅ​តំបន់​នេះ ខណៈដែល​តំបន់​នេះ នៅតែ​ប្រឈម​នឹង​ការកកស្ទះ​ចរាចរណ៍ បើទោះបី​រដ្ឋបាល រាជធានី​ភ្នំពេញ ធ្វើការ​កែសម្រួល ប្រព័ន្ធ​ចរាចរណ៍ ជាច្រើនលើក រហូត​សុំ​គោលការណ៍ ទៅ​រាជរដ្ឋាភិបាល យក​ស្ថានីយប្រេងឥន្ធនៈ សូ​គី​មិច ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ នេះ​ថែម​ទៀតផង​។​

​ដោយ​មើលឃើញ​ពី ការកកស្ទះ​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ដោះស្រាយ មិនទាន់ បាន​ប្រសើរ នូវឡើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បង្កើតជា​គម្រោង​ថ្មី​មួយទៀត នោះ​គឺ​ការស្ថាបនា ស្ពាន​អាកាស​ថ្មី​មួយទៀត នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ នេះ​តែម្តង​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់បាន​បញ្ជាក់​អោយដឹង​ហើយ​ថាៈ គម្រោង​នៃ ការស្ថាបនា ស្ពាន​អាកាស ថ្មី​មួយទៀត នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ ប្លង់​នៃ​គម្រោង បាន​បង្កើត​រួចហើយ ។ តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ គឺ​ផលប៉ះពាល់​ច្រើន​មែនទែន មិន​ថា​នៅលើ​ដី ឬ​នៅក្រោម​ដី​នោះទេ ដែល​តម្រូវអោយ​មានកា​រដោះ​ស្រាយ ជាមុនសិន ទើប​ឈានទៅដល់ ការស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ​បាន​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹង នៅ​ល្ងាច​ថ្ងៃទី​១៦ ធ្នូ​នេះ​ថាៈ សម្រាប់​ពេលនេះ ក្រុម​អ្នកជំនាញ បាននិងកំពុង​ធ្វើតេស្ត ផលប៉ះពាល់​ក្រោម​ដី សម្រាប់​គម្រោង​សាងសង់ ស្ពាន​អាកាស ថ្មី​នេះហើយ​។​

​គួរ​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មើលឃើញ បញ្ហា​ចរាចរណ៍ នៅ​ច្រមុះ ជ្រូក​ក្បាលថ្នល់ មានការ​កកស្ទះ​ចរាចរណ៍ រាល់ថ្ងៃ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក ស្ថានីយប្រេងឥន្ធនៈ សូ​គី​មិច ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូ​ទៅកាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ ចរាចរណ៍ នៅ​តំបន់​នេះ ឱ្យ​កាន់តែ​ប្រសើរឡើង ជាមួយនឹង​ការពង្រីក​ផ្លូវ ព្រះមន្នីវង្ស អោយបាន​បី​គន្លង និង​ផ្លូវ​លេខ​២៧១ បី​គន្លង ថែម​ទៀតផង​។ តែ​បញ្ហា​ចរាចរណ៍ នៅ​តំបន់​នេះ ក៏​នៅតែ​ជា​បញ្ហា​ដោះស្រាយ មិនទាន់បាន​ល្អប្រសើរ​នៅឡើយ ដែល​តម្រូវ អោយមាន ការសាងសង់​ស្ពាន​អាកាស ថ្មី​មួយទៀត នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់ នេះ​៕