អភិបាលខេត្តបាត់ដំបង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រពន្ធធារាសាស្ត្រ ផ្លូវថ្នល់ និង រោងចក្រសគ្រាសក្នុងស្រុកកំរៀង និង ស្រុកសង្កែ


នៅថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រពន្ធធារាសាស្ត្រ ផ្លូវថ្នល់ និង រោងចក្រសគ្រាសក្នុងមូលដ្ឋាន ស្រុកកំរៀង និង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចុះពិនិត្យមើលរោងចក្រកែច្នៃក្រដាស របស់ក្រុមហ៊ុនជប៉ុន គិនសេ( ខាមបូឌា) ខូ អិល ធីឌី ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង រោងចក្រផលិតស្រោមសំបុត្រ រោងចក្រ ក្រូណូ ខ្មែរ នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ ខូ អិល ធីឌី ផលិតសុរាខ្មែរ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង និង ចុះពិនិត្យទីតាំងត្រៀមសម្ពោធជាផ្លូវការ នូវអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យមើលទំនប់ស្ទាក់ទឹកមួយដែលកន្លែងកំពុងសាងសង់ ស្ថិតនៅភូមិម្នាស់កាល់ ឃុំអូរដា ស្រុកកំរៀង ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម សុខ លូ ក៏បានអញ្ជើញចុះពិនិត្យមើលការជួសជុល ពង្រីក និង ក្រាលកៅស៊ូ ផ្លូវ១ខ្សែដែលមានប្រវែង ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលតភ្ជាប់ពីភូមិបោះពោធិ៍ ឃុំអូរដំបង១ និង ភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ៕