អភិបាលខេត្ត ចូលរួមបុណ្យផ្កាសាមគ្គី សម្រាប់ប្រមូលថវិកាជួសជុលដំបូលអគារវិទ្យាល័យបានដាវ ស្រុកខ្សាច់កណ្ដាល


នៅរសៀលថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គី ប្រមូលថវិកាសម្រាប់ជួសជុលដំបូលអគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ ស្ថិតនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាទំពាំងស្នងឫស្សីសម្រាប់បន្តវេន និងបន្តការអភិវឌ្ឍរបស់ប្រទេសជាតិ។ ដូច្នេះសូមប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរៀនឱ្យចេះនូវចក្ខុស្តម្ភទាំង៤ គឺរៀនរស់នៅជាមួយគ្នា រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ និងរៀនដើម្បីចេះរស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាព១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃអាទិត្យបានគង់វង្សជារៀងរហូត ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍ លើគ្រប់វិស័យបន្ថែមទៀត។ ទោះបីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងក្ដី តែសូមបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្កិសិទ្ធិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង ៣ការពារ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រីរាជការ អាណាព្យាបាលនិងប្រជាពលរដ្ឋ សរុបថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិកដើម្បីជួសជុលដំបូលអគារ១ខ្នង ស្មើនឹង៥បន្ទប់ នៃវិទ្យាល័យបានដាវ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានចូលបច្ច័យកសាងដំបូលវិហារវត្តបានដាវ ចំនួន ១ម៉ឺនដុល្លារអាម៉េរិក និង លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបច្ច័យចំនួន ៣ ០០០ដុល្លារអាម៉េរិក ផងដែរ៕