លោកជំទាវ ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រម វិបស្សនាធុរៈពោធិ៍រាជ បម្រើឱ្យវិស័យពុទ្ធសាសនា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈ ពោធិ៍រាជ ដើម្បីបម្រើឱ្យវិស័យពុទ្ធសាសនា ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាចាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ លោកជំទាវបានបន្តទៀតថា សាលាធម្មសភាមួយខ្នង ដែលត្រូវប្រារព្ធពិធីសម្ពោធនាពេលនេះ ត្រូវបានកសាងឡើងក្រោមកម្លាំងសទ្ធាជ្រះថ្លា របស់លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវ តឹក ព្រមទាំងពុទ្ធបរិស័ទ និង សប្បុរសជនជិតឆ្ងាយ ដោយចំណាយថវិកាអស់ជាង ៦៣០លានរៀល ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណ ប្រគេនព្រះសង្ឃ និង ជូនចំពោះគណៈកម្មការអាចារ្យ អាស្រមវិបស្សនាធុរៈ និង ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានដឹកនាំការកសាង និងបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលនានា ឱ្យ ស័ក្តិសមជាទីគោរពសក្ការបូជា នៃពុទ្ធសាសនិកកម្ពុជាយើង ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យ ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និង ស្ថិរភាពនយោបាយដ៏ពេញលេញនៅទូទាំងប្រទេស សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះឱ្យយើងទាំងអស់គ្នា បានចូលរួមយ៉ាងសកម្មក្នុងការ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ មានការរីកចម្រើនលូតលាស់ទាំងផ្នែកពុទ្ធ ចក្រ និងផ្នែកអាណាចក្រ ។

លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទចម្លងលឿនបំផុត និងត្រូវចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ទាំងអស់គ្នា ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល១កញ្ចប់ ម៉ាស១ប្រអប់ ជែលលាងដៃ១ដប និងថវិកា ៥ម៉ឺនរៀល ។ សម្រាប់យាយជី តាជីក្រណាត់ស១ដុំ និង ថវិកា ៥ម៉ឺនរៀលផងដែរ ៕