សម្តេចក្រឡហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ មណ្ឌលទទួលពលករកំរៀងនៅឃុំបឹងរាំង ក្នុងស្រុកកំរៀង


នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិត ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថា ជាអំពើដ៏សាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាចបណ្តែត បណ្តោយហើយទទួលយកបាន ហើយទុកឱ្យប្រជាពលរដ្ឋយើងវេទនានោះទេ ដែលទាមទារ ឱ្យគ្រប់ក្រសួងស្ថាប័នវិស័យ និងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារជនរង គ្រោះគ្រប់ប្រភេទ គ្រប់វ័យប្រកបដោយសច្ចៈ និងស្មារតីទទួលខុសត្រូវ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា អគារមណ្ឌលទទួលពលករ កំរៀងនេះ គឺជាភស្តុតាងថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ដោយប្រើប្រាស់មណ្ឌលនេះជាទីតាំងនៃការទទួលពលករដែលវិលត្រឡប់ឱ្យ ទទួលបាននូវកន្លែងសំចត ការផ្តល់ព័ត៌មាន សេវាកម្មចាំបាច់បន្ទាន់ សេវាបញ្ជូន ក៏ដូចជា ពេលវេលាសម្រាប់ការកំណត់អត្តសញ្ញាណរកជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បី បានផ្តល់សេវាសមស្រប និងអាចបញ្ជូនបន្តរកសេវាច្បាប់ សេវាសង្គម និងសេវាសេដ្ឋកិច្ច ដទៃទៀត សម្រាប់ជាមធ្យោបាយ ផ្តល់កិច្ចការពារដល់ជនរងគ្រោះ។

សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវមោទកភាពចំពោះអង្គការដៃគូជាច្រើន ដែលបានធ្វើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសការងារ សេវាកម្មឆ្លើយតបទៅនឹងកិច្ចការពារជនរងគ្រោះ និងការបង្ការទប់ស្កាត់ភាពរងរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងមានគោលដៅការងារ នៅតាមបណ្តាខេត្តជាប់ព្រំដែន បានចូលរួមសហការជាមួយមណ្ឌលទទួលពលករកំរៀងនេះ រួមមានអង្គការសហប្រជាជាតិ សម្រាប់ទេសន្តរប្រវេសន៍(IOM) អង្គការសាម៉ារីតាន់ភ័ស(Samaritans Purse) អង្គការការីតាសកម្ពុជា(Caritas Cambodia) អង្គការហាហ្គា (Hagar) និងមានអង្គការមួយ ចំនួនទៀត ដែលកំពុងត្រៀមលក្ខណៈក្នុងការចូលរួមសហការបន្តដៃគូ ក្នុងការផ្តល់សេវាជូន ជនរងគ្រោះ ទាំងនៅតាមមណ្ឌលថែទាំ ទាំងនៅតាមសហគមន៍ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័ន និងរាជធានីខេត្តពាក់ព័ន្ធ៕