ពិធីប្រកាសតែងតាំងអនុប្រធាន និងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារចល័ត និងក្រុមការងារចុះជួយក្រុងស្រុក នៃខេត្តរតនគិរី


នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោ ក្នុងក្រុងបានលុង មានរៀបចំពិធីប្រកាសតែងតាំងអនុប្រធាន និងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ក្រុមការងារចល័ត និងក្រុមការងារចុះជួយក្រុងស្រុក នៃខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានធ្វើរបាយការណ៍ សង្ខេបស្តីពីលទ្ធផលរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយរបាយការណ៍បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំ លើកកម្ពស់ការការអនុវត្ត គោលនយោបាយ ជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធ ដាក់ចេញប្រកបដោយការទទួលខុសត្រូវ ពិសេសការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងបរិការណ៍ នៃវិបត្តិជាសកល មេរោគកូវីដ-១៩ ដែលកំពុងរារាំងដល់កិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ក្នុងន័យនេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន សំដៅចូលរួមដោះ ស្រាយបញ្ហាប្រឈម សំណូមពរ និងគាំទ្រជំរុញ ការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ជៀង អំ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្ត ក្រុងស្រុក និងអាជ្ញាធរខេត្ត ដែលដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ នាពេលកន្លងមកសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ ដែលនេះបញ្ជាក់អោយឃើញ ពីតួអង្គពាក់ព័ន្ធបានអនុវត្តយ៉ាង សកម្មនូវតួនាទី ភារកិច្ចដែលមានចែងនៅក្នុងសេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះតួនាទី ភារកិច្ចស្នូល គឺការក្ដាប់សភាពការណ៍ បញ្ហាប្រឈម ទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហា ការលំបាក និងការឆ្លើយតបតាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ជៀង អំ ក៏បានជំរុញអោយក្រុមការងារ ខេត្ត ក្រុង ស្រុក ត្រូវបន្តលើកកម្ពស់ ការដឹកនាំសម្របសម្រួល ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងខិតខំដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូម ពរនានានៅមូលដ្ឋាន។ បន្តលើកកម្ពស់ និងជំរុញ ដល់រដ្ឋបាលគ្រប់ថ្នាក់ ក្នុងការពង្រឹង ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាព ជូនប្រជាពលរដ្ឋ និងបន្ដសហការរៀបចំ វេទិកាសាធារណៈនៅមូលដ្ឋាន ឱ្យបានទៀងទាត់ និងជាប់ជាប្រចាំក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល ដោយផ្តោតយកចិត្តទុកដាក់ ទៅលើការជួបជាមួយជនក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលមិនទាន់បានចូលរួម ក្នុងវេទិកាសាធារណៈកន្លងមក ដើម្បីស្វែងយល់នូវបញ្ហា ប្រឈម សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថាក្នុងឱកាសនេះ ឯកឧត្តម ម៉ុម សារឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតែងតាំងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរីផងដែរ៕