នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការដាំកូនឈើ ឡើងវិញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមទី៣ ទទួលបន្ទុក ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។
នៅក្នុងការបើកយុទ្ធនាការដាំកូនឈើឡើងវិញនះ ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពី ការចូលរួមទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិច ទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ថ្មគោល សង្កែ និង ស្រុកមោងឫស្សី នឹងបន្តដាំបន្ថែម ទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និង អាជ្ញាស្រុកសាមី ត្រូវទទួលខុសត្រូវ ក្នុងការដាំ និងថែទាំបន្ត។
យុទ្ធនាការដាំកូនឈើឡើងវិញនេះ គឺរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅ ចំណុចស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ព្រំប្រទល់បង្គោលកំណត់ រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ ២៨៥ ២៧៦ និង ២៨៧ ដោយដាំនូវកូនឈើចម្រុះ ដូចជាកូនត្នោត ដើមរាំង ខ្ទុំ និងមានដើមឈើលិចទឹកជាច្រើនប្រភេទទៀត៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNEFKQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1a8cf3577cd00cc6495794e719b264619157a5ee/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-12-21_16-07-51%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNEVKQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6ad6bd7bcf1a0b1a7d9c34759d9e498731c72ba1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-12-21_16-07-51.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMzhKQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b6d2ed93d4590bd301fa1c5efcaa7ebf2616e56f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2021-12-21_16-07-52.jpg)