កិច្ចប្រជុំពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់


នៅទីស្តីការក្រសួង នាថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ ពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយ ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ជំរុញឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ឱ្យហ្មត់ចត់លើការផ្ដល់មតិយោបល់ និងធាតុចូល ដើម្បីឱ្យការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានឯកភាពកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ លើមាត្រា២០ដែលចែងអំពី៖ គោលការណ៍ក្នុងការកំណត់ដីចំណីផ្លូវ នៅតាមបណ្តាញផ្លូវថ្នល់ ។ មាត្រា២២ចែងអំពី៖ ការកំណត់ដីចំណីផ្លូវ លើផ្ទៃរាបនៅតាមបណ្តាញផ្លូវល្បឿនលឿន និងផ្លូវជាតិនៅក្រៅរាជធានី ក្រុង និងទីប្រជុំជន ។ មាត្រា២៣ចែងអំពី៖ ការកំណត់ដីចំណីផ្លូវលើផ្ទៃរាប នៅតាមបណ្តាញផ្លូវខេត្តបីលេខ និងបួនលេខ។ ក្រៅពីនេះនូវមានចំណុចពាក់ព័ន្ធមួយចំនួន អង្គប្រជុំឯកភាពដាក់ស្នើសុំយោបល់ និងការសម្រេចពីថ្នាក់ដឹកនាំក្រសួង ។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលថ្មីៗកន្លងទៅនេះ ត្រូវបានក្រុមការងាររៀបចំ សេចក្តីព្រាងអនុក្រឹត្យនេះ លើកយកមកពិនិត្យ ពិភាក្សាបន្ថែម តាមអនុសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឱ្យខ្លឹមសារកាន់តែមានសុក្រឹត្យភាព៕