ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា


(ភ្នំពេញ)៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* ជាប្រសាសន៍នៃកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាឱកាសល្អដោយព្រះភិរុណប្រោសព្រំពេលព្រឹកព្រលឹមយ៉ាងត្រជាក់ត្រជុំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលនេះ គឺជាទីតាំងមួយដែលមានសភាពរខេករខាក។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ។

* ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរលឹកនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវស្នាព្រះហស្ថដ៏ច្រើនអនេករបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យ ជូនជាតិកម្ពុជាពីបារាំង និងកសាងសង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្ញប់ស្ញែងចំពោះព្រះបញ្ញាញាណ និងព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានប្រើបញ្ញាញាណទាមទារឯករាជ្យ ដោយមិនប្រើកម្លាំងប្រដាប់អាវុធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានព្រះរាជបូជនីយកិច្ចរបស់សម្តេច នរោត្តម សីហនុ ប្រហែលកម្ពុជា នៅតែជាដែនដីមួយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នគយ ក្រោយពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានស្នើបង្កើតឡើងវិញ ដោយលោក តាំង សារិន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសម័យរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសរសើរលោក តាំង សារិន បានទស្សនៈវិស័យច្រើនលើការរៀបចំក្រសួងស្ថាប័នរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្តល់មតិនេះ ជាការផ្តល់ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនោះ បើសម្តេចមិនប្តូរផ្តាច់ការពារទេស្ថាប័នទេ កម្ពុជា នឹងបាត់បង់ចំណូលរហូតដល់ទៅ៥០ភាគរយ។

* សម្តេចតេជោ បានថ្លែងថា ព្រោះតែសម្តេចរឹងរូស មានៈការពារអធិបតេយ្យជាតិនេះហើយ ទើបធ្វើឱ្យបរទេសខ្លះ មិនពេញចិត្តសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្វីក៏ដោយត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវយកទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធអគាររដ្ឋបាលគយនាព្រឹកនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញនូវចំណែកមួយនៃការធ្វើទំនើបកម្មវិស័យគយរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មស្ថាប័នគយ។

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានអ្នករត់ការចង់យកតំណែងអគ្គនាយកគយ ពីលោក គុណ ញឹម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពេញចិត្តចំពោះការបង្កើតឱ្យមានសាលាជាតិគយ ដែលជាការជួយបណ្តុះបណ្តាលសមត្ថភាពកូនខ្មែរលើការងារគយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៀតថា មានតែកន្លែងធ្វើការទំនើប តែមនុស្សមិនទំនើបមិនអាចឆ្ពោះទៅមុខបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលជាតិទាំងឡាយ ដែលរាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺដើម្បីជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារនៅស្ថាប័នគយ គឺជាកន្លែងដែលគេជេរ តែត្រូវរួមគ្នាកាត់បន្ថយកុំឱ្យគេជេរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា មិនឱ្យមានរថយន្តអត់ពន្ធលើផ្លូវទៀតទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាយការណ៍ចំណូលពន្ធដារ គយ និងរតនាគារ ត្រូវវាយបញ្ជូនទៅសម្តេចរៀងរាល់ថ្ងៃ។ សម្តេចតេជោ បានថ្លែងថា ការគ្រប់គ្រងចំណូល គឺជាកិច្ចសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១។ ចំណូលនេះធ្លាក់ច្រើនបើធៀបមុនពេលមិនទាន់មានកូវីដ១៩ តែអាចជួយឱ្យកម្ពុជាគ្រប់គ្រងស្ថានភាពចំណាយបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក គាត ឈុន ថាជាអ្នកពូកែបណ្តុះបណ្តាលមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មួយខែចំណាយជាង ៣០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនដើរមុនមួយជំហានទេ កូវីដ១៩ នឹងធ្វើឱ្យអ្នកជំងឺរកកន្លែងសម្រាកគ្មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមេរោគបំប្លែថ្មី «អូមីក្រុង» មានវត្តមាននៅកម្ពុជា ៨ករណីហើយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ពិចារណាលើការផ្តល់ដូសទី៤ ជូនដល់ក្រុមគ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ក្នុងកំលុងរីករាលដាលជំងឺកូវីដ១៩ខ្លាំង អង្គរក្សរបស់សម្តេចជាង ៤០០នាក់ បានកើតកូវីដ១៩។ តែក្រោយពេលបានចាក់វ៉ាក់សាំង ធ្វើឱ្យទប់ស្កាត់ការរីករាលដាលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសំណើសុំឱ្យកែកំណែសិស្សបាក់ឌុបនៅតាមខេត្ត តែត្រូវបានសម្តេចច្រានចោល។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍វិធានការសុខាភិបាល និងការចាក់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវខិតខំទប់ស្កាត់កុំឱ្យមានទំនិញគេចពន្ធនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ ចូលរួមសហការជាមួយរដ្ឋបាលគយ ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ អាធ្យាស្រ័យពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំពោះការមិនអាចដំឡើងប្រាក់បៀវត្សរ៍រហូតដល់ឆ្នាំ២០២២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះការលើកឡើង របស់ កាស៊ីត ភារម្យ និងមនុស្សមួយចំនួនទៀត រឿងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកប្រតិកម្មទាំងនោះថា តើប្រទេសគេផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសមីយ៉ាន់ម៉ាហើយឬនៅ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទូតកម្ពុជា នៅតែមានវត្តមាននៅមីយ៉ាន់ម៉ា ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា មិនខុសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន ដែលមានសមាជិកតែ៩ ជាអាស៊ានមិនគ្រប់ទឹក ដូច្នេះសម្តេចនឹងប្រឹងប្រែងធ្វើឱ្យអាស៊ានមានសមាជិក១០ឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រតិកម្មរឿងសម្តេចទៅមីយ៉ាន់ម៉ា ភាគច្រើនជាក្រុមប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរថា បើមិននិយាយជាមួយមេដឹកនាំមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន តើទៅនិយាយជាមួយនរណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន ដៃគូ និងអ្នកតាមដានព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ា នឹងយោគយល់ចំពោះកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យទុកពេល ដើម្បីសម្តេចធ្វើការលើបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា មិនគួរប្រញាប់ប្រតិកម្មទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលរារាំងដំណើរសម្តេចទៅមីយ៉ាន់ម៉ា គឺជាការបំផ្លាញអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខឹងសម្បានឹងការប្រតិកម្មរបស់ប្រជាជនមីយ៉ាន់ម៉ា ចំពោះដំណើររបស់សម្តេចនោះទេ តែពួកគេនឹងទទួលបានប្រយោជន៍ត្រឡប់មកវិញតាមរយៈស្ថេរភាពនយោបាយក្នុងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ នឹងមិនមានការប្រារព្ធពីអបអរសាទរខួបថ្ងៃជ័យជម្នះ ៧ មករា នោះឡើយ។