ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកកោះធំ ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល


ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈប្រចាំការនៃអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកកោះធំ ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ជម្រាបជូនអំពីការវិវត្តជារួមនៃសង្គម សេដ្ឋកិច្ចកម្ពុជា ដែលរងប៉ះពាល់ដោយសារវិបត្តិ កូវីដ ១៩ និងវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ការសម្រេចបានជោគជ័យក្នុងការទប់ស្កាត់រហូតអាចបើកប្រទេសឡើងវិញបានលើគ្រប់វិស័យ គឺអាស្រ័យដោយមានការចូលរួម និងឯកភាពគ្នាខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា និងរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្ដេចតេជោ ។

ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០២២ ខាងមុខ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើលើបញ្ហាមួយចំនួនដូចជា ៖ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមដំណាក់កាលនីមួយនៃផែនការណែនាំរួមឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ ២០២២ ការរៀបចំបញ្ជីបេក្ខជនត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណបក្ស ជៀសវាងឲ្យបានដាច់ខាតការនិយមបក្ខពួកនាំឲ្យមានការថ្នាំងថ្នាក់ បែកបាក់សាមគ្គីភាព ខិតខំកសាងពង្រឹង និងពង្រីកសមាជិកបក្សបន្ថែម តាមទិសស្លោករក្សាចាស់បង្កើនថ្មី ដោយត្រូវធានាឲ្យបានទាំងបរិមាណ និងគុណភាព គឺសមាជិកបក្ស១រូប ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក ខិតខំកសាង និងបណ្ដុះបណ្ដាលកម្លាំងបន្តវេនឲ្យបានពីចម្ងាយ ខិតខំកសាងអំពើល្អក្នុងជួរប្រជាពលរដ្ឋតាមរយៈការជួយឧបត្ថម្ភផ្សេងៗ ពិសេសតាមរយៈការផ្ដល់ សេវាសាធារណៈគ្រប់ប្រភេទទាន់ពេលវេលា និងមិនស្មុគស្មាញ និងមិនត្រូវ ស្កប់ស្កល់នឹងជ័យជំនះមើលងាយគូប្រកួតទោះបីជាគណបក្សទើបបង្កើតថ្មីក្ដី ។