ក្រសួងការពារជាតិកម្ពុជា គ្រោងនឹងប្រារព្ធទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈ នៃវិមាន ឈ្នះ ឈ្នះ ឱ្យអធិកអធម ពីថ្ងៃទី៣០-៣១ ខែធ្នូ


ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះត្រួតពិនិត្យ នូវការរៀបចំស្តង់តាំងពិពរ័ណ៍ សម្រាប់សមិទ្ធផលតាមបណ្តាអង្គភាពនានា ចំណុះឲ្យក្រសួង ការពារជាតិ នៅវិមាន ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមាន ឈ្នះ ឈ្នះ បានឱ្យដឹងថា នៅក្នុងឱកាសប្រារព្ធពិធីខាងលើនេះ នឹងមានការប្រគំតន្ត្រី បាញ់កាំជ្រួច និងពិធីកម្សាន្តនានាជាច្រើនទៀត ដើម្បីអបអរ សាទរខួបខាងលើនេះ បន្ទាប់ពីអាក់ខានមួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានរំលឹកអំពីអត្ថន័យនៃសំណង់វិមានឈ្នះ ឈ្នះផងដែរថា វិមាននេះគឺជាកំពូលវិមាន ដែលមាន ជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន ៣នាំឱ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ ទី១.ការធានារូបកាយនិងអាយុជីវិត, ធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិនិងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឱ្យ យុទ្ធសាស្ដ្រ DIFID បំបែក ឯកោបញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរ ក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។

នៅជាប់លើវិមាន មានឆ្លាក់សិលាចារឹកចំនួន២ផ្ទាំង គឺសិលាចារឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។

អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ គឺដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជា មេរៀនសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។សិលាចារឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរស ជន ដែលកសាងថែទាំ ការពាររួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកម្សាន្តគប្បីត្រូវធ្វើជាម្ចាស់ការដោយខ្លួនឯង ពោលគឺត្រូវបន្តគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់ការរីករាលដាល នូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។

សូមបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឱ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ៕