រដ្ឋមន្ត្រីទេសចរណ៍៖ ៣ថ្ងៃក្នុងឱកាសសម្រាកបុណ្យឆ្លងឆ្នាំ និងចុងសប្តាហ៍ ភ្ញៀវទេសចរ ២លាននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតិប្រចាំថ្ងៃរួមមាន៖

* ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (យប់ឆ្លងឆ្នាំ)៖ មានភ្ញៀវសរុបចំនួន ១.១៤៥.១៤១ នាក់
* ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ៥៦៥.០២៩ នាក់
* ថ្ងៃទី២ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ២៩២.១២៨ នាក់

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖
* រាជធានីភ្នំពេញ ៦០៨ ៨៥៥នាក់
* ខេត្តសៀមរាប ២៨៧ ៨៣៧នាក់
* ខេត្តព្រះសីហនុ ១៥៦ ៧៥៣នាក់
* ខេត្តកំពត ១៥០ ៦០១នាក់
* ខេត្តបាត់ដំបង ១២២ ០៣៧នាក់
* ខេត្តកែប ១១៤ ២២២នាក់
* ខេត្តកំពង់ស្ពឺ ១០២ ៣៨១នាក់

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ មានចំនួនច្រើនលើសពីការរំពឹងទុក ដោយមានការកើនឡើងប្រមាណ ៧៤.២៤% ធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋានជាលក្ខណៈក្រុមគ្រួសារ និងមិត្តភ័ក្ត ដើម្បីជួបជុំញាំអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងដែលមានការរៀបចំកែច្នៃជាក្ចុស និងកន្លែងអង្គុយជាដើម។

ឯកឧត្តម ថោង ខុន បានបន្ថែមថា គោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បានទទួលចរន្តភ្ញៀវទេសចរច្រើនកុះកុរ ដោយសាររាជរដ្ឋាភិបាល បានបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកមួយចំនួន បានរៀបចំជាព្រឹត្តិការណ៍អបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ និងបាញ់កាំជ្រួចជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជានៅខេត្តសៀមរាប បានរៀបចំកម្មវិធីបុណ្យភូមិសៀមរាប និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីលើយឡើងទៀតថា «ចំពោះភ្ញៀវទេសចរ យើងសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍កាន់តែធូរស្រាលក្នុងចិត្ត ក្នុងការដើរកម្សាន្តបានពេលលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំង បានពេញលេញ និងស្ថានភាពទូទៅកំពុងត្រឡប់ ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ»

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងបងប្អូនដែលរកទទួលទាន ក្នុងវិស័យទេសចរណ៍ ក៏សំដែងនូវក្តីរីករាយ និងសុទិដ្ឋិនិយម ចំពោះចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ ពិសេសសម្រាប់ការចាប់ផ្តើមឆ្នាំ២០២២នេះ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើន បានដំណើរការឡើងវិញ រាប់តាំងពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការីទេសចរណ៍ជាដើម ស្របពេលដែលបុគ្គលិកបម្រើការសុទ្ធតែទទួលបានការចាក់វ៉ាក់សាំង ពេញលេញតាមការកំណត់។

រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់កូវីដ១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដោយចាត់ក្រុមការងារជំនាញ ចុះអប់រំណែនាំផ្ទាល់ ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការ ក៏ទទួលបានការចាក់វ៉ាក់សាំងពេលលេញផងដែរ។

គណៈបញ្ជាការឯកភាពរាជធានីខេត្ត កងកំលាំងមានសមត្ថកិច្ច បានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ទាំងពេលថ្ងៃ និងពេលយប់ ពិសេសនៅយប់ឆ្លងឆ្នាំ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុល នៅគ្រប់រាជធានីខេត្ត ដែលធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព មិនមានបញ្ហាគួរកត់សម្គាល់ណាមួយកើតឡើងទេ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃជាបឋមថា ចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ គឺសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមឡើងវិញ ពេញលេញនៃវិស័យទេសចរណ៍ ពិសេសទេសចរណ៍ផ្ទៃក្នុង ដើម្បីឈានទៅទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របពេលដែលចំណូលពីលំហូរភ្ញៀវទេសចរនេះ បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ដោយឈរលើមូលដ្ឋាននៃការបន្តប្រុងប្រ័យត្ន និងសម្របខ្លួនកាន់តែពេញលេញ ក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទជំងឺកូវីដ-១៩៕