ឯកឧត្តម ថោង ខុន និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២


នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ នៅថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុង ខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រាប់ ទទូលប្រតិភូអន្តរជាតិជាថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច ក្រុមការងារជំនាញពាក់ព័ន្ធ និងក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុ ។

អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022នេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើកកិច្ចប្រជុំ កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ មកដល់ពេលនេះមាន ការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេស ចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន ១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន ៧ក្រុមហ៊ុន ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសជាសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជនដែលទទួ លបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកទោះបីក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមាននៅតាមបណ្តាប្រទេសក្នុងតំបន់ ក៏ដូចពិភពលោក ។

ឯកឧត្តម ថោង ខុន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានានៃព្រឹត្តការណ៍អន្តរជាតិនេះ ប្រកបដោយសុវត្ថិភាព ស្របតាមនីតិវិធីស្តង់ដារ (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដារតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ឣំឡុងពេលកិច្ចប្រជុំ នៃវេទិកាទេសចរណ៍អាស៊ាននេះ ក៏មានកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganization)កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន(ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ(អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Wester dam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំមួយបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញនៅពេលខាងមុខ ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀត ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងយកឱកាសនេះ ដើម្បីធ្វើការប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ផ្តើមចេញពីប្រទេសកម្ពុជា ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងធានារៀបចំការងារការពារសុវត្ថិភាព សុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញផងដែរ ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តនឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅ និងរៀបចំកម្មវិធីនៅក្នុងសណ្ឋា គារឆ្នេរសុខាផងដែរ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំកម្លាំងតាមគោលដៅសំខាន់ៗ សំដៅធានាឱ្យបាននូវសុខសុវត្ថិភាព ជូនប្រតិភូទាំង អស់។ លើសពីនេះរដ្ឋបាលខេត្តព្រះសីហនុ នឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការ ណ៍នេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២នេះប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសចំនួន៩ មានដូចជា កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៉ី ព្រុយណេ និងហ៊្វីលីពីន ។ ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍ ៕