លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខ


នៅថ្ងៃ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ នៅអាសនៈលោកយាយទេពធីតា ស្ថិតក្នុងវត្តទេពធីតារាម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងទាំងមូល សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងសម្រានក្នុងមុងជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករួស និងជំងឺតម្កាត់ផ្សេងៗ ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពា និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីចៀសផុតពីជំងឺកូវីដ-១៩និងកូវីដបំប្លែងថ្មីទាំងអស់គ្នា ៕