សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងណែនាំដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើការពិនិត្យឡើងវិញ ចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព ធ្វើយ៉ាងណាឲ្យពួកគាត់បានមកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំសូមស្នើឲ្យគ្រប់ទីកន្លែងទាំងអស់ ធ្វើការពិនិត្យមនុស្សជាង៧ម៉ឺននាក់ គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ចំណុចនេះគេបានរកឃើញក្នុងក្រសួងការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំខ្លួនឯង ដំបូងអ្នកនេះចាក់មិនបាន អ្នកនោះក៏ចាក់មិនបាន គ្រូពេទ្យមិនឲ្យចាក់ ស្រាប់តែសម្តេច ទៀ បាញ់ ឲ្យចាក់ទាំងអស់ អត់មានឃើញនរណាកើតអីមួយផង។ ឥឡូវសូមពិនិត្យឡើងវិញ ជាង៧ម៉ឺនាក់គាត់ទៅ ក៏ប៉ុន្តែគ្រូពេទ្យយើងមិនអនុញ្ញាតឲ្យចាក់»

ពាក់ព័ន្ធការងារវ៉ាក់សាំងនេះ សម្តេចតេជោបានណែនាំឲ្យ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ដាក់បញ្ជាទៅគ្រប់រាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញ ដើម្បីប្រជាពលរដ្ឋ ឲ្យពួកគាត់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនមែនជាថ្នាំទិព្វនោះទេ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យឆ្លងកូវីដ១៩ មួយផ្នែកតូចណាមួយ ប៉ុន្តែអ្វីដែលសំខាន់នៅពេលឆ្លងកូវីដ១៩ហើយ វាមិនឈានដល់ជំងឺធ្ងន់ធ្ងរ ដូច្នេះអ្នកដែលមិនទាន់បានចាក់ សូមទៅរកការចាក់វ៉ាក់សាំងឲ្យបានទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមយ៉ាងទទូចដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់កុំឲ្យមានការងើបឡើងវិញនៃជំងឺកូវីដ១៩ ព្រោះកម្ពុជាមិនអាចបិទសេដ្ឋកិច្ចរបស់ខ្លួន ដូចពេលមុនៗទៀតនោះទេ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៦២,៩៥៩នាក់ ស្មើនឹង៨៩.១៤%នៃប្រជាជនសរុប១៦លាននាក់៕