សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២១ ចំណូលជាតិបានពីគយ និងពន្ធដារ សរុបចំនួន ៥ពាន់លានដុល្លារ, ពន្ធដាររកចំណូលបានជាង២៧៨១លានដុល្លារ លើសផែនការ ២៤% ស្មើនឹង ៥៣៨លានដុល្លារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងនូវក្តីមោទនៈចំពោះចំណូលជាតិរបស់កម្ពុជា បើទោះបីមានវិបត្តិកូវីដ១៩ ក៏អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលចំណូលបានល្អ ពិសេសនៅឆ្នាំ២០២១ នៅពេលរាជរដ្ឋាភិបាល បើកប្រទេសបានពេញលេញឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២,២៩៤លានដុល្លារ ស្មើនឹង៩៧.១០%ផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២,៧៨១.៩២លានដុល្លារ លើសផែនការ២៤.០២% ស្មើនឹងទឹកប្រាក់៥៣៨លានដុល្លារ។

តាមរយៈការប្រមូលចំណូលជាតិនេះ សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចដួលរលំងាយៗ ដូចការលើកឡើងរបស់ជនមួយចំនួនតូចនោះឡើយ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នាខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តើឲ្យរាជរដ្ឋាភិបាលដួលរលំម៉េចនឹងកើត បើទោះបីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧.០១ភាគរយនៃផែនការទេ ក៏ប៉ុន្តែគិតជាប្រាក់ចំណូលគឺបាន ២ ២៩៤លានដុល្លារ។ ផ្នែកពន្ធដារ សម្រេចទៅដល់១២៤.០២ភាគរយ ស្មើនឹង ២ ៧៨១.៩២លានដុល្លារ។ អីចឹងទាំង២ផ្នែកនេះ បានចំណូលប្រហែល៥ពាន់លានដុល្លារ។ តើឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលរលំម៉េចនឹងកើត? ការងើបឡើងរបស់យើងក្នុងចំណូលចុងឆ្នាំនេះ ជាចំណូលល្អ»

សម្តេចតេជោបានថ្លែងឲ្យដឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ត្រឹមបានរំពឹងថានឹងសម្រេចបានក្នុងអត្រា៣ភាគរយ ក្នុងឆ្នាំ២០២១ ខណៈការវាយតម្លៃចុងក្រោយនឹងធ្វើឡើងនៅខែមិនា ឆ្នាំ២០២២ ហើយការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា មកពីការបើកប្រទេសពេញលេញ ខណៈកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនជិត ១០០ភាគរយហើយ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួចគ្នាទប់ស្កាត់នូវការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដើម្បីឲ្យប្រទេសជាតិបន្តរីកចម្រើន និងទទួលបានកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងការប្រកបរបររកស៊ី និងដើរកម្សាន្ត៕