ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញមន្ទីរបរិស្ថានបង្កើនការសហការលើការងារអទិភាពគ្រប់គ្រង សំណល់រឹងរាវ និងបញ្ជ្រាបការស្រលាញ់អនាម័យបរិស្ថានចូលដល់បេះដូងសិស្សានុសិស្ស និងពលរដ្ឋ


(ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងជំរុញដល់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ត្រូវសហការរួមគ្នាជាមួយមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងស្ថាប័នឯកជននានា លើការងារផ្សព្វផ្សាយនិងគ្រប់គ្រងសំណល់រឹងរាវ ពិសេសបញ្ជ្រាបការ យល់ដឹងលើការទុកដាក់សម្រាម ចេះស្រលាញ់អនាម័យបរិស្ថាន ឲ្យចូលដល់បេះដូងសិស្សានុសិស្ស និងប្រជាពលរដ្ឋ នោះសំណល់នៃការចោលសម្រាមពាសវាលពាសកាលនឹងត្រូវកាត់បន្ថយ។

ឯកឧត្តម អ៊ាង សុផល្លែត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងដូចគ្នាបែបនេះ ក្នុងឱកាសរួមជាមួយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវឌ្ឍនភាពការងាររបស់មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នាសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

តាមរយៈលទ្ធផលការងារ ដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំសម្រេចបាន ដែលរបាយការណ៍អានដោយលោក និ សុធី ប្រធានមន្ទីរ គណៈអធិបតីទាំង០២រូប ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលមន្ទីរសម្រចបាន ក៍ដូចជាបានណែនាំត្រូវបន្តសាមគ្គីភាពរចនាសម្ព័ន្ធផ្ទៃក្នុងឲ្យបានរឹងមាំ ពង្រឹងការងារស្នូលឲ្យបានខ្លាំងមានការប្រាស័យ ទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរអង្គភាព និងស្ថាប័ននានាជុំវិញខេត្ត។

ឯកឧត្តម អ៊ាង សុផល្លែត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ការផ្សព្វផ្សាយដល់សាលារៀន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន រហូតដល់ក្រសួងស្ថាប័ន វិស័យឯកជន ត្រូវគួបផ្សំរៀបចំអ្នកពូកែវោហាសព្ទមានសិល្បៈ ក្នុងការនិយាយ ពិតជាអាចយកបេះដូងគ្រប់ៗគ្នា ឲ្យចេះស្រលាញ់បរិស្ថាន ស្អប់ខ្ពើមសម្រាមតាមផ្លូវជាក់ជាមិនខាន។

បន្ថែមពីនេះទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ជាមួយគ្នានោះ ក៍ត្រូវបន្តការ ផ្សព្វផ្សាយតាមគ្រប់រូបភាព ទាំងផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ ស្ពតអប់រំខ្លីៗ ចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍បណ្តាញសង្គម នានា ពិសេសកម្មវិធីចុះសម្អាតអនាម័យតាមដងផ្លូវ និងគ្រប់ទីកន្លែង ដើម្បីជាសារបញ្ជ្រាបឲ្យដល់ពលរដ្ឋគ្រប់ទីតំបន់ គ្រប់ស្រទាប់មហាជន ពិសេសបន្តបង្កើនការងារការដាំដើមឈើ និងដើមផ្កាលំអបរិស្ថានឲ្យស្រស់បំព្រងផងដែរ៕