ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៧-៩ ខែមករា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជិត៤៦ម៉ឺននាក់


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១២,៩៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៨៥,៤៥៨នាក់
* ខេត្តព្រះសីហនុ ៧០,៦៤៨នាក់
* ខេត្តសៀមរាប ៥០,៤៥៥នាក់
* ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់
* ខេត្តបាត់ដំបង ៣៥,៩៥២នាក់
* ខេត្តកំពត ៣២,០៤២នាក់។

យោងតាមតួលេខខាងលើ មានការកើនឡើងប្រមាណ១៨៥.២៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយក្នុងនោះគ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណជិត១៦ម៉ឺននាក់បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេលឆ្លងឆ្នាំសាកលកន្លងមក ដែលមានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថានាឱកាសចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២ខាងមុខ ពិតជាមាន
ភ្ញៀវទេសចរដើរកម្សាន្តជាច្រើនបន្ថែមទៀតផងដែរ។

ជាមួយចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តបានណែនាំបន្ថែមឲ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរសុខាភិបាល និងគោលដៅទេសចរណ៍ទូទាំងប្រទេសបន្តខិតខំជំរុញអនុវត្តនូវវិធានការ៣កុំនិង៣ការពារ និងវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តន៍ SOP ក្នុងការទប់ស្កាត់កូវីដ-១៩ឲ្យបានជាប់ជាប្រចាំ៕​