ឯកឧត្តមរដ្ឋមន្ដ្រី កើត រិទ្ធ គាំទ្រអ្នកច្បាប់លេងកីឡា ស្របតាមអនុសាសន៍សម្ដេចតេជោ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព


ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានជំរុញ និងគាំទ្រអ្នកច្បាប់ និងអ្នកបម្រើការងារក្នុងវិស័យយុត្តិធម៌ទាំងអស់ ចូលរួមលេងកីឡា ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «ប្រជានជនម្នាក់ លេងកីឡាមួយមុខ» និងដើម្បីទទួលបាននូវសុខភាពល្អ រឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ។

ការជំរុញ និងលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ដ្រី ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤ នៅទីលាន R & F City Sport Club នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃកន្លងទៅ។ ក្នុងនោះក៏មានការអញ្ជើញចូលរួម និងប្រកួតមិត្តភាពពីសំណាក់លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនផងដែរ ។

ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍ថា «កីឡាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់យើងទាំងអស់គ្នា ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំឃើញក្រុមកីឡាយុត្តិធម៌ តែងតែអភិវឌ្ឍន៍ខ្លួន ប្រមូលផ្ដុំនូវកម្លាំង ពិសេសកម្លាំងដែលបណ្ដុំដោយសក្ដានុពល ដើម្បីអនុញ្ញាតឲ្យបងប្អូនទាំងអស់ក្នុងវិស័យយុត្តិធម៌អាចនាំគ្នាលេងកីឡា ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ដែលថា ប្រជាជនម្នាក់ លេងកីឡាមួយមុខ ។ អ៊ីចឹងខ្ញុំសូមសម្ដែងការគាំទ្រនូវការលេងកីឡានេះ»

ឯកឧត្តមបន្ថែមថា ការលេងកីឡា មិនត្រឹមតែនាំមកនូវសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តនោះទេ តែក៏នាំមកនូវសុខភាពបញ្ញាស្មារតីផងដែរ។ អ្វីដែលពិសេស ការលេងកីឡា បានបង្កើតនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពទៀតផង ។ ដូច្នេះក្រោយពីបំពេញការងារប្រចាំថ្ងៃ លោករដ្ឋមន្រ្ដីលើកទឹកចិត្តឲ្យអ្នកបម្រើការងារក្នុងវិស័យយុត្តិធម៌ទាំងអស់លេងកីឡា ឲ្យក្លាយទៅជាចំណងភាតរភាព ភាពជាបងប្អូន និងភាពជាមហាគ្រួសារក្នុងវិស័យយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថា «អ្វីៗដែលអាចកើតមានមកដល់ពេលនេះ ការជួបជុំ ការសប្បាយរីករាយ ការពង្រីកនូវចំណងមិត្តភាព ចំណងសាមគ្គីភាព និងចំណងភាតរភាព ដែលអាចសម្រេចបានពេលនេះ គឺដោយសារសន្ដិភាព។ អ៊ីចឹងហើយ បានទាំងអស់គ្នា ប្រើពាក្យថា អរគុណសន្ដិភាព ហើយនិយាយដល់សន្ដិភាព គឺយើងត្រូវរំឮកដល់អគ្គមហាបុរសរដ្ឋរបស់យើង គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា»

ឯកឧត្តមវបន្ដថា ការលេងកីឡា គឺឈ្នះទាំងអស់គ្នា គឺឈ្នះសុខភាព ។ ដោយហេតុនេះ លោកបានសំណូមពរ និងជំរុញឲ្យធ្វើការពង្រឹង និងពង្រីកការប្រកួតកីឡាវាយសី ហើយពង្រីកក្រុមកីឡាវាយសីក្នុងវិស័យយុត្តិធម៌បន្ថែមទៀត ។ មិនតែប៉ុណ្ណោះ បានស្នើឲ្យពិនិត្យ និងរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ក្នុងវិស័យច្បាប់ និងយុត្តិធម៌ទ្រង់ទ្រាយធំមួយ ដើម្បីផ្ដល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួម ក្នុងគោលបំណងដូចនឹងការប្រកួតកីឡាវាយសីខាងលើផងដែរ។

ចំពោះលទ្ធផលនៃការប្រកួតកីឡាវាយសីវិស័យយុត្តិធម៌ លើកទី៤ បើតាមការបញ្ជាក់របស់ លោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ចំពោះពានរង្វាន់មិត្តភាព ដែលចូលរួមដោយថ្នាក់ដឹកនាំ រួមមានលោកមេធាវី គី តិច និងលោក ហួត វុទ្ធី ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះក្រុមជ័យលាភីលេខ២ គឺលោក អ៊ីវ បូរិន្ទ និងលោក សេង ប៊ុនឃាង។

រីឯលទ្ធផលក្រុមជ័យលាភី លេខ១ បានទៅក្រុមកីឡាករ សេង ប៊ុនឃាង និងកីឡាករ វ៉ាន់ សែនវិសុទ្ធ, លេខ២ បានទៅក្រុមកីឡាករ សេង សុជាតិ និងកីឡាករ គី ឌីបូម៉ា និងលេខ៣ ស្ទួន បានទៅក្រុមកីឡាករ ហួត វុទ្ធី និងកីឡាករ ប៉េង សុខឃឿន និងក្រុមកីឡាករ សោ ពន្លក និងកីឡាករ សុខ ឧត្តម។

ចំណែកជ័យលាភីក្រុម All Star លេខ១ បានទៅក្រុមកីឡាករ ឡាយ យូសេង និងកីឡាករ ណាក ពុទ្ធា ខណៈលេខ២ បានទៅក្រុមកីឡាករ អ៊ី បូរិន្ទ និងកីឡាករ កែវ មុនី ។ ឯពានរង្វាន់ក្រុមកិត្តិយស លេខ១ បានទៅក្រុមកីឡាករ ឡាយ ជុងហេង និងកីឡាករ ហុក ច័ន្ទឆាយា និងលេខ២ បានទៅក្រុមកីឡាករ ជួន ភិរុណ និងកីឡាករ ខាន់ សុផល៕