ក្រុងតាខ្មៅទទួលបាន មន្ទីរសំរាកព្យាបាល និងសម្ភពឯកជន ថ្មីមួយទៀត សំរាប់បំរើសេវា សុខភាពសាធារណ: ជូនពលរដ្ឋ ប្រកបដោយ គុណភាពខ្ពស់


ក្រុងតាខ្មៅ ខេត្តកណ្តាល ទទួលបាន មន្ទីរសំរាកព្យាបាល និងសម្ភពឯកជនចតុមុខ ថ្មីមួយទៀត ដោយបំពាក់នូវ គ្រឿងបច្ចេកទេស បរិក្ខាពេទ្យទំនើប សំរាប់បំរើ សេវាសុខភាពសាធារណ: ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់។

បើតាមការបញ្ជាក់ របស់លោក វេជ្ជបណ្ឌិតឯកទេស ឈឿន ប៊ុណ្ណារិទ្ធិ នាយកប្រតិបត្តិ មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ អោយដឹងថា៖ មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ មានទីតាំង នៅតាមបណ្ដោយ ផ្លូវ១១៥ (២១B) ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។. មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ បើកបម្រើ សេវាកម្ម២៤ម៉ោង ដោយមានទទួល ពិនិត្យ និងព្យាបាលលើ ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកវះកាត់ទូទៅ និងឆ្អឹងផ្នែកកុមារ និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងទទួលពិនិត្យព្យាបាលសមាជិក បេឡាជាតិសន្តិសុខ សង្គម (ប.ស.ស) ដោយឥតគិតថ្លៃ។

ថ្លែងក្នុងឱកាស សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ មន្ទីរសំរាកព្យាលបាល និងសម្ភពចតុមុខ នៅថ្ងៃទី១៧ មករានេះ ឯកឧត្ដម សាយសំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន ដែលអមដំណើរ ដោយឯកឧត្តមបណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានសាទរនិងចាត់ទុក មន្ទីរសំរាកព្យាលបាលនិងសម្ភពចតុមុខ មួយនេះ គឺវាមិនគ្រាន់តែបានបំរើ សេវាសុខាភិបាល សាធារណ: ជូនប្រជាពលរដ្ឋ សំរាប់តែ ក្រុងតាខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែវាបាន គ្របដណ្តប់ វិសាលភាព បំរើសេវា ដល់បណ្តាស្រុកនានា មានព្រំប្រទល់ ជាប់ទីក្រុងមួយនេះ ទៀតផង។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ នាយកប្រតិបត្តិ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសិលធម៌វិជ្ជាជីវ: ក្នុងការបំរើសេវា ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងទទួលយកបាន ។

ក្រៅពីការព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ឯកឧត្ដម រដ្ឋមន្ដ្រី សង្ឃឹមថា៖មន្ទីរសំរាកព្យាបាល និងសម្ភពមួយនេះ និងក្លាយទីកន្លែងមួយ សម្រាប់ផ្ដល់ឱកាស ដល់និស្សិតពេទ្យ ដទៃទៀត ក្នុងការសិក្សា ស្វែងរក នូវបទពិសោធន៍ ដោយប្រែក្លាយទីនេះ ទៅជាកន្លែង បណ្ដុះបណ្ដាលសម្រាប់និស្សិតពេទ្យ ជំនាន់ក្រោយៗទៀត៕