ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែមិថុនានេះ បានអនុញ្ញាតឱ្យលោកស្រី ឌីឡែន វៀកស៍ នាយករងផ្នែកអភិវឌ្ឍន៍សង្គម នៃក្រុមហ៊ុន Bambusa Global Ventures ចូលជួបសំដែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការកែច្នៃឬស្សីសម្រាប់ការនាំចេញទៅបរទេស។
លោកស្រី ឌីឡែន វៀកស៍ បានជំរាបឯកឧត្តមរដ្ឋមន្ត្រីអំពីផលិតផលកែច្នៃដែលក្រុមហ៊ុនបាននិងកំពុងផលិតដើម្បីលក់ក្នុងស្រុកដូចជាកែវឬស្សី តុ កៅអី និងសាឡុងឬស្សីដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនមានគោលបំណងចង់នាំឬស្សីកែច្នៃទៅកាន់បរទេសខណៈដែលតម្រូវការវត្ថុឬស្សីកែច្នៃនៅបរទេសជាពិសេសប្រទេសអូស្ត្រាលី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបំណងនេះព្រោះថាវានឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនត្រូវធានាពីនិរន្តរភាពទីផ្សារ និងគិតគូរពីវិសមភាពនៃផលចំណេញផងដែរ។
ដើម្បីសម្រួលដល់ការនាំចេញ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនBambusa Global Ventures បន្តធ្វើការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង៕