ឯកឧត្តម វេង សាខុន ជួបពិភាក្សាការងារជាមួយឧត្តម Jin Yuhui អំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ចិន


កាលពីវេលាម៉ោង ៤ និង០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Jin Yuhui អភិបាលរងខេត្ត Jilin នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះគណប្រតិភូ ខេត្ត Jilin ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលចិន ជាមួយកម្ពុជា ជាពិសេសការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទឹក ផ្លូវ និងភ្លើង របស់រដ្ឋាភិបាលចិន បានជំរុញអោយសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសថា ដំណើរទស្សនកិច្ចរបស់ខេត្ត Jilin មកកាន់កម្ពុជានេះអាចចាត់ទុកជាប្រវត្តិសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាការចាប់ផ្តើមទំនាក់ទំនងដ៏សំខាន់រវាងភាគីទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Jin Yuhui បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលបានទទួលស្វាគមន៏ដល់គណប្រតិភូរបស់លោកយ៉ាងកក់ក្តៅ។ លោកបានថ្លែងចំណាប់អារម្មណ៏ថា កម្ពុជា​ និងចិនពិតជាដៃគូដែលមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធ។​ លោកបានពិនិត្យឃើញថាកិច្ចសហប្រតិបត្តិការរវាងខេត្តJilin និងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ហេតុដូច្នេះដំណើរទស្សនកិច្ចរបស់លោក និងគណប្រតិភូមកកាន់កម្ពុជាលើកនេះគឺ ផ្តោតទៅលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីចាប់ផ្តើមពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកយល់ឃើញថាចំពោះវិស័យកសិកម្ម លោកមានបំណងសហការលើការវិនិយោគផលិតកម្មកសិកម្ម និងការកែច្នៃនៅកម្ពុជា។ ឯកឧត្តមអភិបាល សង្ឃឹមថាក្រោយពីទស្សនកិច្ចលើកនេះ ក្រុមហ៊ុនវិនិយោគរបស់ខេត្ត Jilin នឹងហូរចូលមកកាន់កម្ពុជា ហើយ ឯកឧត្តមក៏គ្រោងបង្កើតសមាគមអ្នកវិនិយោគខេត្ត Jilin នៅកម្ពុជានាពេលខាងមុខនេះដែរ។ ក្រៅពីនេះ ខេត្ត Jilin ក៏ទទួលបានគម្រោងវិនិយោគឃ្លាំងស្តុកស្រូវខ្នាតធំ រោងចក្រកែច្នៃ និងវេចខ្ចប់នៅកម្ពុជាផងដែរ។ ឯកឧត្តម មានជំនឿចិត្តថាខេត្តរបស់លោក មានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមក៏ស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាជួយជ្រោមជ្រែងសហគ្រាសនានាមកពីខេត្ត Jilin ដែលមានបំណងវិនិយោគវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងឆ្លៀតឱកាសអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីតាំងពិពណ៌ពាណិជ្ជកម្មអាស៊ីឥ្ឍសាននៅខេត្ត Jilin នៅដើមខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី នឹងផ្តល់នូវកិច្ចសហប្រតិបត្តិដល់កម្រិតអតិបរមាជាមួយខេត្ត Jilin ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមរបស់ខេត្ត Jilin នៅកម្ពុជានាពេលខាងមុខ។ ចំពោះការអញ្ជើញចូលរួមទស្សនកិច្ចការតាំងពិពណ៌ពាណិជ្ជកម្មអាស៊ីឥ្ឍសាន ឯកឧត្តមរដ្ឋមន្រ្តី នឹងធ្វើការឆ្លើយតបជាផ្លូវការនាពេលខាងមុខ ហើយឆ្លៀតពេលនោះភាគីទាំងពីរអាចមានឱកាសពិភាក្សាគ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនគណប្រតិភូថា កម្ពុជាមិនត្រឹមតែមានសក្តានុពលកសិកម្មប៉ុណ្ណោះទេ តែការចិញ្ចឹមសត្វ វារីវប្បកម្មទឹកសាប និងទឹកប្រៃ និងការដាំដុះព្រៃសម្រាប់កែច្នៃជាគ្រឿងសង្ហារឹមជាដើម គឺសុទ្ធតែជាសក្តានុពលដ៏សំខាន់សម្រាប់អ្នកវិនិយោគទាំងអស់ ធ្វើការបោះទុននៅកម្ពុជា និងធ្វើការនាំចេញនាពេលខាងមុខ។