ឯកឧត្ដមអ៊ុន ចាន់ដា៖ កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត គឺស្ថិតលើប្អូនៗសិស្ស និស្សិតទាំងអស់ត្រូវចងចាំ


ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ បាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា មានតែប្អូនៗសិស្ស និស្សិតខ្លួនឯងទាំងអស់នេះហើយ ដែលជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនា នាពេលអនាគតអនាគតរបស់ខ្លួនឯង ហើយកូនសោនោះគឺចំណេះដឹងនេះ ព្រោះវាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សយើងគ្រប់រូប ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលជាកូនសោអាចបើកផ្លូវឱ្យ ប្អូនៗ ទទួលបានអនាគតរុងរឿង។ ហេតុដូចនេះហើយ ចូរប្អូនៗ ត្រូវខិតខំសិក្សាស្រាវជ្រាវ ធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ចំពោះមុខ ក៏ដូចជា អនាគតខ្លួន សង្គមគ្រួសារ និងសង្គមជាតិទាំងមូលនោះ។

នេះជាការថ្លែងរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក្នុងឱកាសដែលឯកឧត្តមអញ្ញើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងចែកប័ណ្ណសរសើរដល់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៅសកលវិទ្យាល័យគ្រប់ គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ហៅកាត់ថា UME កាលពីថ្ងៃ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានកោតសរសើរទៅដល់លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលកន្លងមកបានខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ។ និស្សិតទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងរៀនសូត្រទាំងបច្ចេកវិទ្យា ភាសា និងជាពិសេសត្រូវស្ដាប់តាមការណែនាំ របស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អហើយត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ណាដែលនាំឱ្យប៉ះពាល់ដល់អនាគតរបស់យើង ដែលជាយុវជន ជាទំពាំងស្នងឫស្សី សម្រាប់គ្រួសារ និងសង្គមជាតិ៕