ឯកឧត្តម ឃួង ស្រេង រម្លឹកមន្ត្រីមូលដ្ឋានឱ្យបន្តពង្រឹងការងារ ការអភិវឌ្ឍមូលដ្ឋាន ក៏ដូចការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកត្តាចាំបាច់នៅថ្នាក់មូលដ្ឋាន


នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ មករា ឆ្នាំ២០២២ នៅខណ្ឌព្រែកព្នៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការ ងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ទាំង៥ជាបន្តបន្ទាប់នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។

ឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើរដល់សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត ទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានមករកអាជ្ញាធរឱ្យជួយ ជំរុញការអភិវឌ្ឍមូលដ្ឋាន ជាពិសេសគឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាមគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ដែលធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មានសុខដុមរមនាក្នុងការរស់នៅ និងប្រកបរបររកស៊ីលើកតម្កើងជីវភាពគ្រួសារ។

ឯកឧត្តមបានបន្តថា យើងជាអ្នកបម្រើ ប្រជាពលរដ្ឋជាចៅហ្វាយ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះស្រាយ និងគិតគូរពីសុខទុក្ខរបស់បងប្អូន។ អ្នកការពារ និងអ្នកអភិវឌ្ឍន៏ជាតិមានមុខដដែលៗ គឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ដែលបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឱ្យដឹងថា ក្រោយពីឯកឧត្តម ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍ ប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ កើតមានខ្វាត់ ខ្វែង សំណង់បុរី សំណង់លំនៅឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតនឹកស្មានមិនដល់ ធ្វើឱ្យតំបន់ព្រែកព្នៅដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅពេលនេះពោរពេញទៅដោយការអភិវឌ្ឍ ប្រកបដោយមោទនភាព៕