សាខាកាកបាទក្រហមកម្ពុជាខេត្ត បើកកិច្ចប្រជុំបិភាក្សាស្ដីពីផែនការអភិវឌ្ឍន៍សាខា យុទ្ធសាស្រ្ត ២០២១-២០៣០


នៅរសៀលថ្ងៃ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីផែនការ យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនូវការគាំទ្រ និងឯកភាពចំពោះយុទ្ធសាស្ត្រ ២០២១ -២០៣០ របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានប្ដេជ្ញាថា នឹងខិតខំអនុវត្តន៍ឱ្យបានជោគជ័យតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមខេត្តទាំងមូល ដែលបានបំពេញសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន ក្នុងពេលដែលប្រទេសជាតិ បាននិងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ។ លោកជំទាវក៏បានធ្វើការណែនាំ និង ផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តន៍នៅសាខាខេត្ត និងនៅតាមបណ្តាអនុសាខាក្រុង ស្រុកទាំង១១ ឱ្យបានចំគោលដៅគ្រឹះទាំង០៧ របស់កាកបាទក្រហមកម្ពុជា ។

លោកជំទាវបន្តថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ គឺជាការជួបជុំរួមគ្នា ដើម្បីពិនិ ត្យពិភាក្សា ផ្តល់មតិយោបល់ល្អៗ កែប្រែនូវចំណុចដែលខ្វះខាត់ ក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ ទៅលើចំណុចសំខាន់ៗ រួមមាន៖ ទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ វិស័យអាទិភាពទាំង៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធ្វើ ឱ្យផែនការយុទ្ធសាស្ត្រ ២០២១-២០២៣ ទទួលបានភាពជោជ័យ តាមផែនការគ្រោងទុក។

លោកជំទាវ ម៉ែន នារីសោភ័គ បានបង្ហាញពីសារបាន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងជំរុញឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ឱ្យយល់កាន់តែច្បាស់ពីការងារនេះ ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការឈានទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕