សម្តេចតេជោ ហ៊ុន សែន អញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទស្សនកិច្ចនៅកម្ពុជា និងជំរុញធ្វើឱ្យប្រសើរទំនាក់ទំនង, ពាណិជ្ជកម្ម


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីពង្រឹងចំណងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ក៏ដូចជាពិភាក្សាលើបញ្ហាផ្សេងៗ។

ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនទាន់តបសំណើរបស់សម្តេចតេជោនៅឡើយនោះទេ តែលោកបានជម្រាបសម្តេចតេជោថា នៅចុងឆ្នាំនេះបើមិនមានការរំខាន់ពីការរាតត្បាតជំងឺកូវីដ១៩ទេ លោកនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

បើតាមឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងជំនួបព្រឹកមិញនេះ ក្រៅតែពីជជែកលើបញ្ហារបស់មីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន និងលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានពិភាក្សាពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនង ស្របពេលដែលឆ្នាំ២០២២នេះ ជាខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញភាពរីករាយចំពោះភាពប្រសើរឡើងនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី បើទោះបីជួបស្ថានភាពលំបាកនៃជំងឺកូវីដ១៩។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោមកបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសយើងទាំងពីរនៅតែខិតខំជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។ កម្ពុជា ជាប្រទេសតូចមែន តែលទ្ធភាពនៃការស្រូបទិញទំនិញពីប្រទេសម៉ាឡេស៊ី បានចំនួនច្រើនផងដែរ»។

ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងម៉ាឡេស៊ី៕