គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសន្និបាតដើម្បីផ្សព្វផ្សាយពីរបាយការណ៍បូកសរុប វាយតម្លៃ អំពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ(២០១៧-២០២២)


នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសន្និបាតដើម្បីផ្សព្វផ្សាយពីរបាយការណ៍បូកសរុប វាយតម្លៃ អំពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ(២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ(២០២២
-២០២៧) រួមទាំងបង្ហាញនូវសមាសភាពបេក្ខជនពេញសិទ្ធិ​ និងបម្រុង​ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥​ ក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត តំណាង​រាស្ត្រ​មណ្ឌលខេត្តស្ទឹងត្រែង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ដែលបានប្រារព្វធ្វើឡើងនៅក្នុងទីស្នាក់ការគណបក្សឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានសមាសភាពអ្នកចូលរួមសរុប ៩៧នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ពក ប៊ុនលី អនុប្រធានក្រុមការងារជួយស្រុក ឯកឧត្តម សាត ស៊ីន អនុប្រធានក្រុមការងារជួយស្រុក លោក ស៊ា ប៉ាច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះសំពាយ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការបក្សស្រុកសៀមបូក គណៈកម្មាធិការបក្សឃុំកោះសំពាយ សាខាបក្សភូមិ យុវជនបក្ស និងបេក្ខជនឈរឈ្មោះត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។
ក្រោយពីបានស្តាប់នូវរបាយការណ៍បូកសរុប វាយតម្លៃ អំពីសមិទ្ធផល និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ការអភិវឌ្ឍឃុំឆ្នាំ(២០១៧-២០២២) និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំឆ្នាំ(២០២២-២០២៧) រួចមក​ ឯកឧត្តម ទ្បូយ សុផាត បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្រុមប្រឹក្សាឃុំបានខិតខំកន្លងមក ដោយយកអស់កម្លាំងកាយចិត្តក្នុងការបំពេញកាតព្វកិច្ចយ៉ាងល្អជូនចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងអំទ្បុងពេលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
ឯកឧត្តម បានណែនាំដល់អាជ្ញាធរឃុំ ត្រូវត្រៀមខ្លួនឲ្យបានល្អ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ និងបានផ្តាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រួមសុខទុក្ខជាមួយគ្នា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងធានាបាននូវសន្តិភាពជូនប្រជាពលរដ្ឋ ។ ជាមួយនេះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឱ្យបន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រមូលកត់ត្រាទុកនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍន៍មុខរបរ ចំណេះដឹង ជំនាញ វិជ្ជាជីវដំណាំដាំដុះ ការអភិវឌ្ឍទីក្រុងស្អាត គ្រួសារស្អាត រួមគ្នាសម្អាតមានអនាម័យ និងរស់នៅល្អ មានភាពទាក់ទាញ ការបំផុសទឹកចិត្តប្រជាពលរដ្ឋឲ្យក្លាយជាម្ចាស់នៃការអភិវឌ្ឍដោយខ្លួនឯង ថ្ងៃក្រោយគេនឹងមកធ្វើការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ កសិ-ឧស្សាហកម្ម បរិស្ថាន ស្អាត ទឹកស្អាត មានផ្លូវ មានអគ្គិសនីប្រើប្រាស់ការអភិវឌ្ឍធនធានមនុស្សជាដើម ។ ការពង្រីក និងពង្រឹងការងារគ្រប់គ្រងសមាជិកបក្ស ដើម្បីរួមគ្នាឈានទៅដណ្តើមបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងការកោតសរសើរដល់មន្ត្រីសុខាភិបាល ក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តដែលបានខិតខំគ្រប់បែបយ៉ាងក្នុងការសម្រួលដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង ពិសេសឃុំកោះសំពាយ ដើម្បីចូលរួមការពារសុខុមាលភាពប្រជាពលរដ្ឋក៏ដូចជាសុខុមាលភាពសង្គមជាតិរបស់យើង និងចូលរួមការពារជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្ត ៣កុំ ៣ការពារ និងសូមឲ្យអាជ្ញាធរឃុំជម្រុញបងប្អូនប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានឧបត្ថម្ភថវិកាដល់អង្គសន្និបាតចំនួន១លានរៀល និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះសំពាយ ផងដែរ។