រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងអំពីចំណងមិត្តភាពពិសេសរវាងកម្ពុជា និងជប៉ុន


ភ្នំពេញ ៖ នៅថ្ងៃ៨រោច ខែបុស្ស ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI ប្រធានសមាគមកម្ពុជា ជប៉ុន (Japan-Cambodia Association) នៅទីស្តីការក្រសួងបរិស្ថាន ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាគមកម្ពុជា-ជប៉ុន ដែលកន្លងមកបានចូលរួមចំណែកចំពោះកិច្ចគាំពារវិស័យបរិស្ថាន តាមរយៈការផ្តល់នូវរថយន្តដឹកសំរាមចំនួន១០គ្រឿង ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២០មក សរុបមកដល់ពេលនេះមានចំនួន ២០គ្រឿង និងគ្រោងផ្តល់ក្នុងឆ្នាំ២០២២នេះ ចំនួន១០គ្រឿងទៀត ដែលផ្តល់ឱកាសឱ្យក្រសួងបរិស្ថាន បានប្រគល់បន្តទៅតាមបណ្តាក្រុង ស្រុកនៅទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹតលេខ១១៣ ក្នុងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម ទៅថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប ឯកឧត្តម TAKAHASHI មានប្រសាសន៍ថា ខាងសមាគមនឹងស្វែងរកដៃគូវិនិយោគបន្ថែមមកកម្ពុជា ជួយខាងផ្នែកសម្ភារផ្សេងៗដល់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសមាគមរកបន្ថែមនូវសមាជិក ដៃគូសហប្រតិបត្តិការ ជាម្ចាស់សហគ្រិនវ័យក្មេង និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការរកទីផ្សារផលិតផលគ្រាប់ស្វាយចន្ទី និងតម្បាញសូត្រ ជូនប្រជាសហគមនន៍ ក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស៕ដោយ ពេជ្រ ណារិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល