ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី តាមប្រព័ន្ធវីដេអូពីចម្ងាយ


ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យថាម ពល ដែលដឹកនាំដោយលោក Pradeep Tharakan ជំនាញការ ADB ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ដែលផ្តោតសំខាន់ទៅលើគោលនយោបាយជាតិ សម្រាប់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ការសន្សំសំចៃលើការប្រើប្រាស់ថាមពល ជាពិសេសការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលជាថាមពលកកើតឡើងវិញ និងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ធ្វើឱ្យប៉ះពាល់បរិយាកាសផែនដី។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចាប់ដំណើរការទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូននៅទីតាំងថ្មី ដែលបំពាក់ដោយផ្ទាំងសូឡាថាម ពលពន្លឺព្រះអាទិត្យ ដើម្បីបរិស្ថានស្អាត និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាម ពលអគ្គិសនី សម្រាប់ការបំពេញការងាររបស់មន្ត្រីរាជការ ។ អំពីសិក្ខាសាលាទាក់ទងរថយន្តដើរដោយថាមពលអគ្គិសនី កាលពីចុងឆ្នាំ២០២១ ដែលរៀបចំឡើងដោយស្ថានទូត ចក្រអង់គ្លេស អំពីជំនួបពិភាក្សាការងារជាមួយសហព័ន្ធ ឧស្សាហកម្មរថយន្តកម្ពុជា(CAIF) ដើម្បីពិភាក្សាអំពីគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការអភិឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងជំនួបជាមួយសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ទាក់ទងនឹងគម្រោងដំឡើងស្ថានីយសាកថ្មរថយន្ត Evs ចំនួន១០ទីតាំង និងការអប់រំ បណ្តុះបណ្តាលលើវិស័យនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរអំពីការរៀប ចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលក្នុងនោះមានចែងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រ ដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយា កាស និងដើម្បីចូលរួមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ។ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលបានបំពាក់អំពូលភ្លើង LED នៅតាមផ្លូវ៣៧ខ្សែ ដែលទើបសម្ពោធដាក់ ឱ្យប្រើប្រាស់ថ្មីៗ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្លូវ៣៨ខ្សែ ដែលទើបបញ្ចប់ការសាងសង់ ស្ថិតក្នុងក្រុងសៀមរាប នៅខេត្តសៀមរាប ដើម្បីជាការចាប់ផ្ដើមការសម្របខ្លួនជាបណ្តើរៗទៅនឹងគោលនយោបាយប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអ្នកជំនាញការ ADB ពិចារណាលើការពង្រីកវិសាលភាព នៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់បណ្តារាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម កំពត កែប ខេត្តកោះកុង និងបណ្ដារាជធានីខេត្តមួយចំនួនទៀត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល។

ទន្ទឹមនឹងនេះ ក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់អំពីគម្រោងជ្រើសរើស អគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជាគម្រោងសាកល្បងសម្រាប់ការប្រើប្រាស់ឧបករណ៍ ដែលជួយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល កាត់បន្ថយការចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ធ្វើឱ្យប៉ះពាល់បរិស្ថាន៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ ធូ កុសល