សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលដែលសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិនរបស់សម្តេច លក់បាន១៥០០ច្បាប់ ទទួលចំណូល ៧៥០០ដុល្លារ ក្នុងរយៈពេលដ៏ខ្លី, ថវិកានេះនឹងប្រើសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះសារបង្ហាញភាពភ្ញាក់ផ្អើល ចំពោះសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិន ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អាចលក់បានរហូតដល់១៥០០ក្បាល ក្នុងរយៈពេលដ៏ខ្លី ទទួលបានចំណូល៧៥០០ដុល្លារ។

សម្តេតេជោបញ្ជាក់ថា ចំពោះថវិការដែលទទួលបានពីការលក់សៀវភៅនេះ សម្តេចនឹងប្រើប្រាស់ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។

សម្តេចនាយករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរចំពោះ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគមសម្ព័ន្ធកម្ពុជា-ចិន ដែលបានចាត់ចែងបកប្រែ និងបោះពុម្ភសៀវភៅជាភាសាចិននេះឡើង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលបានបោះពុម្ពជា៣ភាសារមានខ្មែរ អង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសារចិន គឺរាប់រងដោយសមាគមសម្ពន័ខ្មែរចិននៅកម្ពុជា ទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱ្យភ្ញាក់ផ្អើល និងសូមកោតសរសើរដែលសៀវភៅភាសារចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល៧ ៥០០ដុល្លារដែលក្នុងមួយច្បាប់តម្លៃ៥ដុល្លារ។ សូមអរគុណលោក ពុង ឃាវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារ ហើយខ្ញុំនឹងប្រើថវិការនេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន»៕