ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជននៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភ កញ្ចប់អាហារ និងសាច់គោ ជូនប្អូនៗកុមារកំព្រា ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ សរុបចំនួន ១០៩នាក់ និងចាស់ជរាសរុបចំនួន ១០១នាក់ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំនិងខេត្តក្រចេះ ក្រោមគម្រោងអង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក កងមាស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ យុវជន ស.ស.យ.ក និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា ខេត្តកំពង់ចាម និងខេត្តក្រចេះ ។
ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីនោះដែរ អង្គការ Hasene នៃប្រទេសអាល្លឺម៉ង់ បានសហការជាមួយ សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា គឺមានចក្ចុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ រួមចំណែកលើកកម្ពស់សុខដុមជីវិតបុគ្គលគ្រួសារ និងសង្គមតាមរយៈការផ្ដល់ប្រាក់ចិញ្ចឹមតាម តាមផ្ទះសម្រាប់កុមារដើម្បីទទួលបានការសិក្សារ និងរស់នៅសមរម្យដើម្បីបានក្លាយខ្លួនជាទំពាំងស្នងឬស្សី សម្រាប់សហគមន៍ និងសង្គមជាតិក្នុងគោលបំណងជួយគាំពារកុមារដែលបានបាត់បង់ជំហរគ្រួសារ និងប្រភព ចំណូលគ្រួសារធ្វើឲ្យងារយរងគ្រោះ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារខ្វះលទ្ធភាពសិក្សារ និងអាហារូបត្ថម្ភជាដើម ។កុមារដែលមកទទួលមានចំនួន ១០៩នាក់ ដោយក្នុង ១នាក់ ទទួលបានថវិកាចំនួន ៨៤អឺរ៉ូ សរុបជាទឹកប្រាក់ ៩១៥៦អឺរ៉ូ ស្មើនឹង ១ម៉ឺន ២៦៩,៩៨ដុល្លារអាមេរិក និងចាស់ជរាចំនួន ១០១នាក់ បានទទួលសាច់គោ អំណោយកញ្ចប់អាហារ ក្នុង ១នាក់ ទទួលបាន មី ១០កញ្ចប់ អង្ករ ១៥គីឡូក្រាម តែ ១កញ្ចប់ធំ ប្រេងឆា ២ដប ទឹកដោះគោ ៥កំប៉ុង និងមីឡូ ២កំប៉ុង ។ប្រាក់ឧបត្ថម្ភនេះគឺក្នុងគោលបំណងសំខាន់បំផុតជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាចថែរក្សា និងថែទាំសុខភាព ពិសេសផ្ដល់លទ្ធភាពឲ្យក្មេងបានទទួលការអប់រំដូចក្មេងទូទៅនិងចូលរួមជាចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារ វិស័យសង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។