សម្តេចតេជោ ហ៊ុន សែន៖ គ្មានពេលណាដែលគណបក្សប្រជាជន បំភ្លេចថ្ងៃ៧មករានោះទេ បើទោះបីជាត្រូវធ្វើសង្គ្រាមដើម្បីការពារ៧មករា ក៏ហ៊ានធ្វើដែរ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ៧មករា គឺជាសមិទ្ធផលចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា បំភ្លេចថ្ងៃ៧មករាបាននោះទេ ទោះបីជាធ្វើសង្គ្រាមដើម្បីការពារ៧មករា ក៏ត្រូវតែធ្វើដែរ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួន បានលើកយកករណីគណបក្សប្រជាជនកម្ពុជា សម្រេចផ្អាករៀបចំពិធីខួប ៧មករា ឆ្នាំ២០២២ ដោយសារតែកូវីដ១៩នោះមកវិភាគថា ដោយសារគណបក្សប្រជាជនកម្ពុជា មានបំណងបន្ថយឥទ្ធិពលរបស់វៀតណាម។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ទៅអស់លោកបណ្ឌិតទាំងឡាយ ដែលធ្វើការវិភាគរបៀបនេះ គ្មានពេលណាដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករា បំភ្លេចថ្ងៃ៧មករានោះទេ អ្នកត្រូវចាំកន្លែងនេះ បើទោះបីជាត្រូវធ្វើសង្គ្រាមដើម្បីការពារ៧មករា ក៏ហ៊ានធ្វើដែរ»។

ចំពោះករណីសម្រេចផ្អាកការរៀបចំខួបទិវាជ័យជម្នះ៧មករា នាថ្មីៗនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានការចាំបាច់ ដែលត្រូវបញ្ជូនសារទៅកាន់ជនរួមជាតិ ឱ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងការបញ្ជាក់ថា សូម្បីបុណ្យមួយដែលមានចុះក្នុងប្រតិទិនឈប់សម្រាក ក៏គណបក្សប្រជាជនកម្ពុជមានការប្រុងប្រយ័ត្នក្នុងការរៀបចំ។

៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ ប្រជាជនកម្ពុជា ក្រោមការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងការចូលរួមជួយដោយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់ទាំងស្រុងនូវ សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «រឿង៧មករា ទោះបីជាវៀតណាមកជួយ ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា សូមផ្តាំទៅវិញឱ្យយល់ ឱ្យភ្លឺភ្នែក។ ៧មករាគឺជាក្បាលរបស់យើងទាំងអស់គ្នា ក្បាលមនុស្សខ្មែរទាំងអស់គ្នា ទោះបីជាអ្នកឯងមិនស្គាល់ ក៏រឿងរបស់អ្នកឯង ក៏ប៉ុន្តែគ្មានពេលណាដែលគណបក្សប្រជាជនបោះបង់ចោល៧មករាទេ»

សម្តេចបានបន្តបញ្ជាក់ថា ដោយសារមានការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការរៀបចំពិធីផ្សេងៗ។ សម្រាប់៧មករា ការប្រារព្ធពិធីតូចវាមិនសម ហើយបើត្រូវធ្វើក៏ធ្វើឱ្យធំដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ៧ មករា គឺជាសមិទ្ធផលចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានថ្ងៃបោះបង់ចោលនោះឡើយ។

សម្តេចចាត់ទុកថា ការលើកឡើងនោះ ជាគំនិតនៃអ្នកវិភាគស្ទើភ្លើង៕