សម្តេចតេជោ ហ៊ុន សែន៖ មិត្តចិនផ្តល់ជំនួយវ៉ាក់សាំងបន្ថែម៥លានដូស ខណៈកម្ពុជាបញ្ជាទិញ៣លានដូសទៀត សរុបវ៉ាក់សាំង៨លានដូសនឹងមកដល់ឆមាសទី១


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសពីការទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីមិត្តចិន ចំនួន៥លានដូសបន្ថែមទៀត។

សម្តេចតេជោបញ្ជាក់ថា ការផ្តល់ជំនួយរបស់មិត្តចិត្តនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាត្រូវការទិញវ៉ាក់សាំងបន្ថែមចំនួន៥លានដូសពីចិន ប៉ុន្តែដោយសារទឹកចិត្តល្អរបស់មិត្តចិន, មិត្តចិនផ្តល់ជាជំនួយជូនកម្ពុជាតែម្តង។

បន្ថែមពីការផ្តល់ជំនួយ៥លានដូសនេះ សម្តេចក៏សម្រេចបញ្ជាទិញ៣លានដូសថែមទៀត ធ្វើចំនួនវ៉ាក់សាំងទាំងជំនួយ និងបញ្ជាទិញកើនដល់៨លានដូស ដែលនឹងមកដល់កម្ពុជា នៅឆមាសទី១ឆ្នាំ២០២២នេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើយក្នុងឱកាសសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស វ៉ាក់សាំងដែលអាចទប់ទល់ជាមួយមេរោគបំប្លែងថ្មី បានគឺវ៉ាក់សាំងរបស់ចិន គឺស៉ីណូហ្វាម និងស៉ីណូវ៉ាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើងមានជាង៩លានដូស តែខ្ញុំបានចេញបទបញ្ជាឲ្យទិញបន្ថែម ដំបូងឲ្យទិញ៥លានដូស ពេលជួបទូតចិន គាត់ថាមិនបាច់ទិញទេ ទុកលុយទៅចិននឹងផ្តល់ជូន៥លានដូស អីចឹងខ្ញុំឲ្យទិញតែ៣លានដូសទេ។ ខ្ញុំចង់ទិញ៨លានដូសថែមទៀតមកចូលឃ្លាំង ប៉ុន្តែថ្ងៃមុននៅពេលដែលអគ្គរដ្ឋទូតចិន ជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយជូនកម្ពុជាតាមតម្រូវការ ឥឡូវគាត់ឲ្យ៥លានដូស បូកនឹងទិញបន្ថែម៣លានដូសទៀត សរុប៨លានដូសនឹងមកដល់នៅឆមាសទី១ ឆ្នាំ២០២២នេះ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជា បានចាក់វ៉ាក់សាំងដូសទី៣ បានប្រមាណ៦លាននាក់ ដូច្នេះបងប្អូនដែលដល់ពេលវេលាត្រូវចាក់ជូនបន្តទៀត ខណៈដូសទី៤ កំពុងចាក់ជូនមន្ត្រីជួរមុខ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានការឆ្លងរាលដាលលឿន ដោយត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ៣ការពារ ៣កុំ។ សម្តេចបានបញ្ជាក់ទៀតថា ពេលនេះនៅកម្ពុជាលែងមាន ជំងឺកូវីដ១៩ ប្រភេទដែលតា និងអាល់ហ្វាហើយ នៅមានតែប្រភេទអូមីក្រុងប៉ុណ្ណោះ៕