ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បាននទទួលជួប ឯកឧត្តម Moustapha Mahmond ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំនៅកម្ពុជា


ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននទទួលជួប ឯកឧត្តម Moustapha Mahmond ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ដែលមាននិវេសនដ្ឋាននៅក្រុងបាងកក ប្រទេសថៃ។
នៅក្នុងជំនួបពិភាក្សា ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានបញ្ជាក់ថា អេហ្ស៊ីប នឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតដល់សិស្សនិស្សិតកម្ពុជា ហើយបានបញ្ជាក់ថា អេហ្ស៊ីបពិតជាមានបំណងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត លើគ្រប់វិស័យ រួមមានវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំជាដើម ខណៈដែលប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីទស្សវត្សរ៍៥០មកម្លេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការណ៍គាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើននាក់។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC នឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាប្រទេសទាំងអស់ដែលជាសមាជិក OIC។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីស្ថានការណ៍នៅកម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដោយមិនរើសអើងពូជសាសន៍។
ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។
គួរជម្រាបផងដែរថា ប្រទេសអេហ្ស៊ីប មានប្រជាជនជាង១០២ លាននាក់ ជារដ្ឋសមាជិកនៃ OIC ដែលមានរដ្ឋជាសមាជិកចំនួន៥៧ប្រទេស តំណាងឲ្យប្រជាជនជិត ២,០០០លាននាក់។ OIC ជាអង្គការ នៃប្រទេសឥស្លាមដែលធំលំដាប់ទី២ បន្ទាប់ពី UN (អង្គការសហប្រជាជាតិ)