សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឱ្យខានតែបាននៅក្នុងឆ្នាំនេះ បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ កន្លងមក


បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកដោយសារជំងឺកូវីដ១៩នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសប្ដូរផ្ដាច់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យខានតែបាននៅក្នុងឆ្នាំនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង៩៣,៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកដល់ប្រជាពលរដ្ឋ មិនត្រូវភ្លេចខ្លួនជាមួយការរក្សាការពារ ដោយអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ជាពិសេសបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ក៏ដូចជាចាក់ដូសមូលដ្ឋាន ជូនប្រជាពលរដ្ឋ ដើម្បីឱ្យមានភាព ស៊ាំក្នុងសហគមន៍ ។

សម្ដេចតេជោបានថ្លែងថា “ទី១ យើងត្រូវនាំចូលបន្ត ទាំងជំនួយឥតសំណង ទាំងការទិញ។ ទី២ ត្រូវបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើង។ អីចឹងសូមអំពាវនាវប្រជាពលរដ្ឋរបស់យើងប្រឹងប្រែង ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យដើរថយក្រោយ ខានចូលឆ្នាំ ២ឆ្នាំហើយ ឥឡូវឆ្នាំនេះ គឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឱ្យខ្លាតពីគ្នាបន្តិច កុំពពាក់ពពូនគ្នា”។

សម្ដេចតេជោលើកឡើងថា សម្ដេចបានចរចាទិញវ៉ាក់សាំង Sinovac ៥លានដូស ពីមិត្តចិន ប៉ុន្តែឯកអគ្គរដ្ឋទូតចិន បានប្រាប់សម្ដេចវិញថា មិនចាំបាច់បញ្ជាទិញនោះទេ គឺចិននឹងផ្ដល់ឱ្យ។ សម្ដេចតេជោបានបន្ដថា ដោយសារយុទ្ធនាការចាក់ដូសទី៣ ប៉ុន្មានថ្ងៃនេះចំនួនវ៉ាក់សាំងនៅក្នុងឃ្លាំង បានចុះមកនៅត្រឹម ៨,៨លានដូស ដូច្នេះត្រូវបំពេញនៅក្នុងឆមាសទី១នេះ ទាំង៨លានដូស ដែលកម្ពុជាបញ្ជាទិញ ៣លានដូស និងមិត្តចិនផ្ដល់ឱ្យ៥លានដូស ។

សម្ដេចតេជោបន្ថែមថា មានបងប្អូនខ្លះបានលើកយោបល់មកសម្ដេចថា ពលរដ្ឋចាក់ដូសមូលដ្ឋានហើយ ពេលចាក់ដូសទី៣ គួរតែយកប្រាក់។ ប៉ុន្តែសម្ដេចតេជោថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺចាក់ឱ្យដោយមិនយកប្រាក់ឡើយ ហើយបើសិនជាយកមក ក៏កម្ពុជាមិនក្លាយទៅជាអ្នកមានដែរ ។

សម្ដេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំមិនធ្វើជានាយទាហាន ដែលឱ្យទាហានចូលប្រយុទ្ធ ដោយគ្មានអាវុធ និងគ្រាប់នោះទេ ខ្ញុំត្រូវឱ្យពេទ្យរបស់យើងទាំងអស់ មានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ដើម្បីការចាក់វ៉ាក់សាំងក្ដី ឬថ្នាំការពារខ្លួនក្ដី គឺទិញយកមកដាក់រក្សាទុក។ នេះជាការធានាមួយ ដែលឥឡូវនេះគេទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់យើង”។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ សម្ដេចតេជោក៏បានអរគុណ ដល់ប្រភពគាំទ្រទាំងឡាយ ដែលបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ ប៉ូឡូញ អូស្ត្រាលី តែប្រភពដែលយើងនៅត្រូវការបន្ត គឺប្រភពដែលយកពីចិន។ សម្ដេចតេជោក៏បានសុំឱ្យភាគីពាក់ព័ន្ធ ខិតខំរួមគ្នាជំរុញ ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំង នៅកម្ពុជា ដែលបាននិយាយគ្នារួចហើយ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ធ្វើរឿងនេះបាននៅកម្ពុជា បានសេចក្ដីថា យើងមានរបស់ក្នុងដៃ ពិតមែនតែយើងបញ្ជាទិញ ពីរោងចក្រផលិតនៅកម្ពុជា គឺមិនពិបាកក្នុងការដឹកជញ្ជូនពីចម្ងាយ”៕