សម្តេចតេជោ ហ៊ុន សែន រង់ចាំមើលរវាងវីធីសាស្ត្ររឹង និងទន់ តើមួយណាអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន


ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា បញ្ហាមីយ៉ាន់ម៉ានឹងមិនបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះឡើយ ហើយសម្តេចនឹងរង់ចាំមើលថាតើ រវាងវីធីសាស្ត្ររឹង និងទន់ មួយណាអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបាន។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១ឆ្នាំ នៃការកាន់តំណែងជាប្រធានអាស៊ាន មិនអាចដោះស្រាយបញ្ហាមីយ៉ាន់បាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការរិះគន់របស់ប្រជាជនមីយ៉ាន់ម៉ា មកលើទស្សនកិច្ចរ បស់សម្តេច កាលពីដើមខែមករាកន្លងទៅ ជារឿងខុស ដោយបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្មានផលប្រយោជន៍អ្វីក្រៅពីជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យចេញផុតពីសង្រ្គាមនោះទេ»

សម្តេចតេជោ បានបន្តថា៖ «ខ្ញុំរកសន្តិភាព និងការពារសន្តិភាពជូនប្រទេសរប ស់ខ្ញុំ វាពិបាកណាស់ទៅហើយ បើអ្នកចង់វ៉ៃគ្នាសូមអញ្ជើញអ្នកវ៉ៃចុះ វិធីសាស្រ្តរបស់ខ្ញុំគឺពន្លត់ភ្លើងសង្គ្រាមសិន បានដំណើរការប្រជាធិបតេយ្យទៅតាមក្រោយ»

សម្តេចតេជោ បានចោទសួរថា តើក្រុមអ្នកប្រឆាំងនៅមីយ៉ាន់ម៉ា មានលទ្ធភាពផ្តួលរំលំអ្នកកាន់អំណាចនៅណៃពិដោរសព្វថ្ងៃបានឬទេ? អ្នកឯងមានទាហានប៉ុន្មានដើម្បីច្បាំងជាមួយទាហានជាងកន្លះលាននាក់ នៅមីយ៉ាន់ម៉ានោះ។ «បើអ្នកឯងចង់ធ្វើសង្គ្រាមក៏ធ្វើទៅ ខ្ញុំបានប្រឹងប្រែងអស់ប៉ុណ្ណឹងហើយ តែខ្ញុំក៏មិនបោះបង់ចោលនូវការខិតខំរបស់ខ្ញុំដែរ ក្នុងឋានៈជាសមាជិកអាស៊ាន និងក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ»

សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវឱ្យអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ាបច្ចុប្បន្ន អនុវត្តតាមកុងសង់ស៊ីស ៥ចំណុច របស់អាស៊ានស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងហោចណាស់ទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា ក៏បានស្នើឱ្យមានការដោះលែងមនុស្សរាប់ទាំងសាស្រ្តាចារ្យសេដ្ឋកិច្ច ដែលជាទីប្រឹក្សារបស់ លោកស្រី អោង សានស៊ូជី ដែលរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានស្នើសុំមកសម្តេចលើកបញ្ហាហ្នឹងជាមួយ លោក មីន អោងឡាំង នាពេលកន្លងមកផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសជាសមាជិកអាស៊ាន បានជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ប្រទេសជាសមាជិកអាស៊ាន បានគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពីហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ៕