សម្តេចតេជោ ហ៊ុន សែន៖ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ នៅភ្នំពេញ និងត្បូងឃ្មុំ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២នេះ។ មន្ទីរពេទ្យទាំងពីរនោះ រួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅសល់មន្ទីរពេទ្យធំៗចំនួនពីរទៀត ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ មន្ទីរពេទ្យមួយនៅត្បូងឃ្មុំ ដែលត្រូវនឹងសម្ពោធនៅថ្ងៃទី៧ ខែមីនា និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលនឹងត្រូវសម្ពោធនៅថ្ងៃទី២៨ ខែមីនា ដូច្នេះ ក្នុងខែ៣ ត្រូវសម្ពោធមន្ទីរពេទ្យចំនួន២ ដែលមានតម្លៃជិត៨០លានដុល្លារ ដែលផ្តល់ជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅដើមឆ្នាំ២០២២នេះ ក្រៅពីប្រទេសចិន កម្ពុជានៅមានការដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ស្ថាបនាផ្លូវជាតិលេខ៤៨ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ដែលជាហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ចេញពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមជាមួយគ្នានេះដែរ នៅសល់តែប៉ុនមានថ្ងៃខាងមុខនឹងបើកការដ្ឋានសាងសង់ស្ពានចំនួន៧ នៅខេត្តព្រៃវែង ដែលជំនួយរបស់រដ្ឋាភិបាលជប៉ុនផងដែរ។

ជាមួយនឹងការបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេស ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ជំងឺកូវីដ១៩ អាចនឹងសម្លាប់យើង កូវីដអាចធ្វើឱ្យយើងយឺតយ៉ាវ ប៉ុន្តែ កូវីដមិនអាចរារាំងនូវដំណើរអភិវឌ្ឍន៍ របស់យើងបានដែរ ពិតមែនតែយើងជួបការលំបាក ប៉ុន្តែ យើងជំនះរួមគ្នា ដើម្បីទទួលបាននូសមិទ្ធផលសម្រាប់ការអភិវឌ្ឍរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថានភាពកម្ពុជា បច្ចុប្បន្ននេះ មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ៕