សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល កំណត់យកភូមិភាគឦសាន ជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាបានកំណត់ឱ្យមានប៉ូលសេដ្ឋកិច្ចចំនួន៤ ក្នុងនោះភូមិភាគឦសាន ត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានគោលដៅមួយ បង្កើតឱ្យប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់៤ បន្ទាប់ពីប៉ូល៣ បានចេញជារូបរៀង។ ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលទី២ គឺខេត្តព្រះសីហនុ និងប៉ូលទី៣ គឺខេត្តសៀមរាប ឯខ្ញុំចង់ប្រែក្លាយ ប៉ូលនៅឦសាននេះជាប៉ូលសេដ្ឋកិច្ចទី៤ ទាក់ទិននឹងបញ្ហាកសិឧស្សាហកម្ម ធនធានរ៉ែរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានទៀតថា សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។

ប្រទេសកម្ពុជា បានដាក់គោលដៅបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ផ្នែកកសិឧស្សាហកម្ម បន្ថែមពីតំបន់ប៉ូល សេដ្ឋកិច្ចចំនួន៣ ដែលជាប៉ូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ូលសេដ្ឋកិច្ចនៅតំបន់ភូមិភាគឥសាន ដូចជានៅខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើម ដែលខេត្តទាំងអស់នោះជាប្រភពនៃដំណាំកសិឧស្សាហកម្មផ្សេងៗ។ ខេត្តមណ្ឌលគិរី បានក្លាយជាទៅតំបន់ទេសចរណ៍សំខាន់មួយ ជាមួយនឹងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធជាច្រើន។ ក្រៅពីនោះខេត្តនេះ ក៏ជាកន្លែងផលិតមាសផងដែរ។

រយៈពេល៧ខែកន្លងមកនេះ កម្ពុជាផលិតមាសបាន ១ ៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ បរិមាណមាសដែលកម្ពុជាផលិតបាន ចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់៨០-១០០គីឡូក្រាមក្នុង១សប្តាហ៍៕