សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ ច្រើនជាងកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺកូវីដ១៩ទៀតផង។

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង គោរពនូវច្បាប់ចរាចរណ៍ […] យោងតាមរបាយការណ៍ របស់សម្ដេចក្រឡាហោម ស ខេង ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីម្សិលមិញ កើតមាន១១ករណី ស្លាប់៨នាក់ និងរបួស១៤នាក់»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាងមួយខែហើយ ដែលអត់មានមនុស្សស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលពីមុនកូវីដស្លាប់ច្រើន ជាងគ្រោះថ្នាក់ចរាចរណ៍ ឥលូវគ្រោះថ្នាក់ចរាចរណ៍ពីម្សិលមិញ កើតមាន១១ករណី ស្លាប់៨នាក់ និងរបួស១៤នាក់ ដែលជារបាយការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា បែរជាកូវីដអត់មានមនុស្សស្លាប់ ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍ គឺជាស្លាប់មនុស្សរាល់ថ្ងៃ ដូច្នេះសម្ដេចសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះអត់មានអ្នកណាគ្រោះថ្នាក់ជំនួសយើងនោះទេ ហើយសូមប្រុងប្រយ័ត្ន ទៅលើបញ្ហាគ្រោះថ្នាកចរាចរណ៍។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ពេញមួយឆ្នាំ២០២១ គឺមាន២,៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣,១៧៦លើក គឺមានការថយចុះ១៦ភាគរយ។

ចំពោះចំនួនអ្នកស្លាប់បាត់បង់ជីវិត មានចំនួន១,៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១,៦៤៦នាក់ ថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នក រងរបួសមានចំនួន៣,៦១៥នាក់ គឺមានការថយចុះ១,០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤,៦៨៦នាក់។

តាមផ្នែកជំនាញ បានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០២១ គឺដោយសារការបើកបរ ដោយល្បឿនលឿន៣៨ភាគរយ ការមិនគោរពសិទ្ធ ២៤ភាគរយ, ការមិនប្រកាន់ស្តាំ១៤ភាគរយ, ការប្រជែងគ្រោះថ្នាក់៨ភាគរយ, បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន៨ភាគរយ, ស្រវឹង៤ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយ១ភាគរយ៕